Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដាន

នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងសហការី ។

កិច្ចប្រជុំ ពិភាក្សា ស្វែងរកដំណោះចំពោះសំណើ និងកង្វល់ដែលស្នើឡើងដោយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងក្របខ័ណ្ឌនៃការចូលរួមរបស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិយ័តករគណនេយ្យនិងសវនកម្ម ផងដែរ ។

ជាមួយនឹងការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងកាលទេសៈនៃការរីករាលដាលនៃមេរោគកូវីដ ១៩ និងចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, កិច្ចពិភាក្សាបានផ្តោតជាចំបងលើ វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងពន្ធដារ ជាពិសេ លើការងារបច្ចេកទេសពាក់ព័ន្ធជាមួយនឹងនិយ័តករគណនេយ្យ និងសវនកម្ម, របាយការណ៍ហិរញ្ញវត្ថុ និងស្តង់ដារបាយការណ៍ ហិរញ្ញវត្ថុកម្ពុជា (CIFRS), សទ្ទានុ-ក្រមគណនេយ្យ និងសវនកម្មកម្ពុជា ជាភាសាខ្មែរ, កម្មវិធីសិក្សា និងការបណ្តុះបណ្តាលជំនាញគណនេយ្យ និងសវនកម្ម (Cambodia CPA Curriculum), កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ), និងកម្មវិធីផ្សេងៗ ទៀតដែលជាផលិតផលរបស់និយ័តករគណនេយ្យ និងសវនកម្ម និងពន្ធដារ ជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំឲ្យអង្គភាពពាក់ព័ន្ធសហការ និងធ្វើការងារលម្អិតបន្ថែមជាមួយសមាគម ដើម្បីដោះស្រាយកង្វល់ដែលបានលើកឡើងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ឆ្លៀតឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ។

 

 

Footer ads TVK