Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម យី វាសនា ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡា ជនពិការអាស៊ានបន្តអាណត្តិថ្មី

CAMSOC-សូឡូ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាត្រូវបានបោះឆ្នោតបន្តតំណែងជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) អាណត្តិថ្មីឆ្នាំ២០២២-២០២៦ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាជនពិការអាស៊ានកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Swiss-bel Hotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម យី វាសនា ត្រូវបានបោះឆ្នោតឲ្យបន្តតំណែងជាអនុប្រធានសហ័ន្ធកីឡាជនពិការអាស៊ានទទួលបន្ទុលយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាមួយនឹងការគាំទ្រ៩សំឡេងទល់នឹងលោក Admiral Dato Subramaniam Raman អគ្គលេខាធិការទី១នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម៉ាឡេស៊ីដែលទទួល១សំឡេង។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ លោក Osoth Bhavilai អាយុ៧១ឆ្នាំបានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាជនពិការអាស៊ានអាណត្តិថ្មី ឆ្នាំ២០២២-២០២៦។ លោកទទួលបានការគាំទ្រ៧សំឡេងទល់នឹងប្រធានក្រុមប្រឹក្សាប៉ារ៉ាឡាំពិកម៉ាឡេស៊ី Dato Seri Megat D. Shahriman Zaharuddin ដែលទទួលបាន១សំឡេង និងប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកសិង្ហបុរី លោក Teo-Koh Sock Miang ទទួលបានសំឡេង។

ជាមួយគ្នានេះ អនុប្រធាន៣រូបផ្សេងទៀតក៏ជាប់ឆ្នោតបន្តសម្រាប់អាណត្តិ ២០២២-២០២៦ គឺលោក Walter Francis K. Torres មកពីប្រទេសហ្វីលីពីនទទួលបន្ទុកគណៈកម្មាធិការកីឡា និងលោក Than Than Htay មកពីប្រទេសមីយ៉ាន់ម៉ាទទួលបន្ទុកគណៈកម្មាធិការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា ហើយលោក Senny Marbun ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីទទួលបន្ទុកគណៈកម្មាធិការព័ត៌មាន និងទីផ្សារ។

លោក Charnvit Munikanond របស់ប្រទេសថៃត្រូវបានបោះឆ្នោតជាអគ្គហិរញ្ញិក ហើយលោកស្រី Wandee Tosuwan ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ជាថ្មី៕

Footer ads TVK