KCNA បញ្ចេញរូបដែលមេដឹកនាំកូរ៉េខាងជើងរបស់ពួកគេ ជួបជាមួយមន្ត្រីផ្នែកសន្តិសុខកំពូលរបស់រុស្ស៊ីនៅទីក្រុងព្យុងយ៉ាង ដើម្បីគាំទ្រកិច្ចការអន្តរជាតិដល់ភាគីមិត្តរុស្ស៊ីរបស់ពួកគេ

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបជាមួយលេខាធិការផ្នែកសន្តិសុខរបស់ប្រទេសរុស្ស៊ីគឺ លោក Sergei Shoigu នៅទីក្រុង Pyongyang កាលពីថ្ងៃពុធ នេះបើយោងតាមប្រភពព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។ កាលពីខែមេសាកន្លងទៅប្រទេសទាំងពីរបានបញ្ជាក់ជាផ្លូវការថាទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងហើយទាហានរបស់ប្រទេសទាំងពីរបានរួមគ្នាដើម្បីការពារការលុកលុយរបស់អ៊ុយក្រែនចូលតំបន់ព្រំដែន Kursk របស់រុស្ស៊ីដែរ។ នៅពេលនោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណចំពោះការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្គ្រាមហើយសន្យាថានឹងមិនភ្លេចចំពោះការលះបង់របស់កូរ៉េខាងជើងនោះទេ។ គួរបញ្ជាក់ថាក្នុងជំនួបពិភាក្សាជាមួយលោក Shoiguកាលពីថ្ងៃពុធ លោក Kim Jung Un បានបញ្ជាក់ថា៖ កូរ៉េខាងជើងនឹងគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះរុស្ស៊ី និងគោលនយោបាយបរទេសរបស់ខ្លួន ក្នុងបញ្ហាទាំងអស់ដែលសំខាន់ៗនៃនយោបាយអន្ដរជាតិ រួមទាំងបញ្ហាអ៊ុយក្រែនផងដែរ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសារព័ត៌មានកូរ៉េខាងជើង (KCNA)។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធីសាស្រ្តដើម្បីពង្រឹងសម្ព័ន្ធមិត្តភាពឲ្យរឹងមាំឡើងរវាងកូរ៉េខាងជើង និងរុស្ស៊ី ហើយបានឈានដល់ការយល់ព្រមជាសកលលើបញ្ហាអ៊ុយក្រែន និងស្ថានការណ៍អន្ដរជាតិផ្សេងទៀតដែរ ប៉ុន្តែ KCNA មិនបានបញ្ជាក់លម្អិតនោះទេ។ ទន្ទឹមនោះដែរសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានបញ្ជាក់រួចហើយថាលោក Shoigu និងលោក Kim ក៏បានពិភាក្សាគ្នាអំពីទស្សនៈនៃការស្ដារឡើងវិញនៅតំបន់ Kursk និងបានគូសបញ្ជាក់បន្ថែមអំពីជំហានដើម្បីរំលឹកដល់ការរួមចំណែករបស់ទាហានកូរ៉េខាងជើងផងដែរ៕

សម្រួលអត្ថបទ៖​ ឡុង បញ្ញា