JCI ក្លាយជា«សាលាបណ្តុះបណ្តាលជីវិត» ដែលផ្តល់ឱកាសឱ្យយុវជនរៀនសូត្រអំពីការដឹកនាំ ការធ្វើការងារជាក្រុម

លោក រស់ សាត ប្រធានថ្នាក់តំបន់ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជាJCI សាខាទួលគោក បានលើកឡើងថា JCI ត្រូវបានប្រៀបធៀបដូចជា«សាលាបណ្តុះបណ្តាលជីវិត» ដែលផ្តល់ឱកាសឱ្យយុវជនរៀនសូត្រអំពីការដឹកនាំ ការធ្វើការងារជាក្រុម និងការកសាងទំនាក់ទំនង ដើម្បីសម្រេចបានជោគជ័យ។ ការបញ្ជាក់របស់លោកធ្វើឡើងក្នុងកម្មវិធី«ជួបជុំសមាជិក JCI ទួលគោក» កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ឯកឧត្តម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន និងអ្នកចូលរួមជាសមាជិក JCI ជាច្រើនរូបទៀត។

លោក រស់ សាត បានលើកទឹកចិត្តដល់យុវជនកម្ពុជាទាំងអស់ កុំរារែកក្នុងការចូលរួមការងារស្ម័គ្រចិត្ត ត្បិតតាមរយៈ JCI យុវជន នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងខ្លួនឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងអាចចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកក៏អំពាវនាវដល់បណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបន្តផ្តល់ការគាំទ្រដល់សកម្មភាពរបស់JCI។ សូមជម្រាបថា JCI ជាកន្លែងសម្រាប់អភិវឌ្ឍសមត្ថភាពយុវជនអាយុចន្លោះពី១៨ ដល់៤០ឆ្នាំ ឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ និងចេះគ្រប់គ្រងការងារ ទោះបីជាការងារនោះជាការងារស្ម័គ្រចិត្តក៏ដោយ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកសរសើរពីសកម្មភាព និងបេសកកម្មរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI)។ មិនតែប៉ុណ្ណោះ លោកបានចាត់ទុកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) នេះថាជាកន្លែង“បណ្តុះគ្រាប់ពូជដ៏មានតម្លៃ”សម្រាប់សង្គម។ លោកអះអាងថា JCI មិនត្រឹមតែជាវេទិកាសម្រាប់យុវជនបង្ហាញសមត្ថភាពតាមរយៈការងារស្ម័គ្រចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែង “បណ្តុះគ្រាប់ពូជដ៏មានតម្លៃ” សម្រាប់សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងកសាងវប្បធម៌នៃការបង្កើតផលប្រយោជន៍រួម។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត មានសារៈសំខាន់ខ្លាំង ព្រោះវាជួយឱ្យពួកគេបញ្ចេញសក្តានុពលដោយមានការទទួលខុសត្រូវនិងស្មារតីសហគមន៍»។ លើសពីនេះ JCI ក៏ជាស្ពានភ្ជាប់ដ៏សំខាន់រវាងយុវជនកម្ពុជា និងបណ្តាញយុវជនជុំវិញពិភពលោក ប្រមាណជាង១០០ប្រទេសផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០២៤ កន្លងទៅ JCI កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត JCI ASPAC ដោយជោគជ័យខ្ពស់ មានអ្នកចូលរួមប្រមាណ ៥,០០០នាក់ មកពីជាង ៥០ប្រទេស។ សមិទ្ធផលនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ ជោគជ័យនេះ ក៏ទទួលបានការកោតសរសើរ និងអបអរសាទរពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕