ភ្នំពេញ ៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។
CDC បានគូសបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១ គម្រោង។
ការចុះបញ្ជីគម្រោងវិនិយោគក្នុងខែឧសភា ឆ្នាំ២០២៥ នេះ មានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖
. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានទុនវិនិយោគប្រមាណ ២០៧ លានដុល្លារអាម៉េរិក បង្កើតការងារ១៤៤កន្លែង។
. គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត នៅ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ទំហំទុនវិនិយោគបន្ថែម ប្រមាណ២៤៤លានដុល្លារអាម៉េរិក។
. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម ស្ថិតក្នុង តំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អ៊ិនធើណេសិនណាល ខេត្តស្វាយរៀងមាន-ទុនវិនិយោគ ប្រមាណ២០លានដុល្លារអាម៉េរិកបង្កើតការងារ ៤៦១កន្លែង៕