សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោក ស្តាយជាខ្លាំងជាមួយក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ ។ ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោក គឹម ឃីស៊ុន គឺជា ការបាត់បង់ស្វាមី និងឪពុក ដ៏ល្អ និងជាទីគោរពស្រលាញ់ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ លោក គឹម ឃីស៊ុន បានទៅកាន់សុគតិភព។ ជាមួយនឹងការរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានចូលបច្ច័យបុណ្យ សពចំនួន ១០លានរៀល និងទេយ្យទានមួយចំនួនទៀតផងដែរ ។ ដោយសារតែកម្ពុជាកំពុងរងនូវការរាតត្បាតខ្លាំងពី ជំងឺកូវីដ១៩នោះ នៅក្នុងសាររំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងដោយអនុវត្តតាមវិធានសុខាភិបាល និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសរួមគ្នាអនុវត្តវិធាន (៣ការពារ និង៣កុំ) ។ ៣ការពារ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល សាប៊ូ រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ, ៣កុំ៖ កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱប កុំជួបជុំក្នុងបន្ទប់បិទជិត កុំជួបជុំ និងកន្លែងមានមនុស្សកុះករ ។