សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខេត្តត្បូងឃ្មុំ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាព្រឹកថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២​ នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតសម្តេចផ្ទាល់។

សម្តេចប្រធានរដ្ឋសភាបានបង្ហាញក្តីសប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួនដោយក្តីរីករាយ ដោយសេរី តាមឆន្ទៈ របស់ខ្លួន គ្មានអំពើហិង្សា។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំនៅក្នុងមូលដ្ឋានខ្លួនដោយផ្ទាល់ ជាការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕