សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប


- (ខេត្តសៀមរាប) ៖ នៅព្រឹកថ្ងៃច័ន្ទ ១៥កើតខែមិគសិរ ឆ្នាំជូត ទោសក័ ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
  ក្រុងសៀមរាប បានក្លាយជាទីក្រុងទាក់ទាញទេសចរណ៍វប្បធម៌ និងការទស្សនាសំណង់ប្រាសាទបុរាណយ៉ាងទាក់ទាញក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ។ បើទោះបីទីក្រុងនេះ បានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញយ៉ាងណាក្តី តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តនេះ ត្រូវបានគេមើលឃើញថា នៅតែជាចំណោទបញ្ហាសម្រាប់ការពង្រីកសក្តានុពលទេសចរណ៍នៅក្នុងខេត្ត ដែលមានសម្បត្តិមរតកវប្បធម៌ដ៏មហាសាលពីបុព្វបុរសខ្មែរមួយនេះ ។ ដើម្បីធ្វើឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងទេសចរណ៍ដែលសាកសមនឹងការប្រសិទ្ធនាមជាទីក្រុងទេសចរណ៍ដ៏អស្ចារ្យ និងលើកសម្រស់កាន់តែស្រស់បំព្រងថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេច បញ្ចេញ កញ្ចប់ ថវិកាសន្សំប្រមាណ១៥០លាន ដុល្លារ អាមេរិក សម្រាប់ គម្រោងសាងសង់ និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្នុងក្រុង សៀមរាប ខេត្តសៀមរាប ។