ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”


កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោម មូលបទ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយ វិបត្តិកូវីដ១៩ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែ វិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុបលើកទី១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ និងវត្តមានលោកជំទាវ ហេឌី ហូតាឡាអនុប្រធានសភាអឺរ៉ុបព្រមទាំងមានការចូលរួមពីគណៈប្រតិភូសភាក្នុងតំបន់ទំាងពីរ អាស៊ី និងអ៊ឺរ៉ុប និងដៃគូជាង៣០ប្រទេសនិងស្ថាប័ន។
សូមជម្រាបថាកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុប ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។
លទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុបនាពេលនេះគឺជាធាតុចូលសំខាន់ជាសំឡេងរបស់ពលរដ្ឋសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាង មុខនោះ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកាមួយសម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភា លើកកម្ពស់ ការទូតសភា ពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួន ដែលសមាជិកសភាចាត់ទុកថាជា អាទិភាព។
ដោយ: ទទក

ថ្មីៗ ពីទទក

កម្មវិធីទទក