នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីចិន បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជា នៅវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីត-១៩ នៅពេលឆាប់ៗនេះ ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ


នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាការងារជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មានថា៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាជាមួយឯកឧត្តម លី ខឹឈាំង ហើយឆ្លៀត ឱកាសនោះ សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ហើយបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជ ទស្សនកិច្ច ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ។

សម្ដេចតេជោ ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន លុបបំបាត់ទាំងស្រុងនូវភាពទីទាល់ក្រក្នុងសង្គម ចិន និបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២១ ហើយ ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តម លី ខឹឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឹឈាំង បាន ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង ។

លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តម លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នាឆ្នាំក្រោយ ៕
ដោយ: ទទក

 

ថ្មីៗ ពីទទក

កម្មវិធីទទក