ព្រះមហាក្សត្រ៖ កម្ពុជាមានឯកសារចំនួន ២ ស្នើសុំអង្គការយូណេស្កូ មាន“គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ” និង “រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍” របស់កម្ពុជា សុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក


ក្នុងឱកាសគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន ២ ដែលកំពុងដំណើរការមាន “គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ” ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង “រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍” របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ​ពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភព លោក។

ក្នុងកិច្ចសវនការដ៏វិសេសវិសាលនោះ លោកជំទាវអគ្គនាយិកានៃអង្គការយូណេស្កូ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយ ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ​បានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។ លោកជំទាវអគ្គនាយិកា​នៃអង្គការយូណេស្កូ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមនៃ ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ស្តេចយាង ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថាប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួប គម្រប់ ៧៥ ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានញាំងឲ្យ មហាសន្និបាត និងពិធីបុណ្យខួបរបស់អង្គការយូណេស្កូ បានប្រព្រឹត្តទៅដោយជ័យមង្គល។
ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ មានព្រះរាជឱង្ការ សម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវអគ្គនាយិកា ដែលបានជាប់ឆ្នោតយ៉ាងត្រចះត្រចង់សាជាថ្មីជាអគ្គនាយិកានៃអង្គការ​យូណេស្កូ។
ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូនៅកម្ពុជា លើវិស័យវប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យនៃយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) អង្គរ ដែលនឹងប្រារព្ធខួបលើកទី៣០ នៅឆ្នាំ ២០២៣ ខាងមុខនេះ។
ព្រមជាមួយនេះព្រះអង្គសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងចង់ចាំជានិច្ច ចំពោះសេចក្តីខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ថា ICC អង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន រួមជាមួយ និងការគាំទ្រយ៉ាងសកម្មពីអង្គការយូណេស្តូ ដោយមានការខិតខំប្រឹងប្រែង រួម សហប្រតិបត្តិការល្អពី រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួសជុលកែលំអ ប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងការដាក់បញ្ចូលប្រាង្គប្រាសាទក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីក្នុងខែធ្នូ ឆ្នាំ ១៩៩២ នោះមក ។
កម្ពុជាសូមជូនពរ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ICC អង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន និងបណ្តាប្រទេសផ្សេងទៀតក្នុងអង្គការយូណេស្កូ សម្រេចទទួលបានជោគជ័យជាបន្តទៅទៀត ក្នុងការបំពេញបេសកម្មដ៏វិសេសវិសាលនៅកម្ពុជា។​
កម្ពុជាសូមចូលរួមអបអរសាទរអង្គការយូណេស្កូ​ ចំពោះយុទ្ធសាស្រ្តរបស់ខ្លួនក្នុងវិស័យអប់រំ ក្នុងក្របខណ្ឌ​នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអប់រំរួមបញ្ចូល និង ការរៀនសូត្រជាប្រចាំ ដើម្បីកំណត់ផលប៉ះពាល់នៃមេរោគកូវីដ ដើម្បីការពារវិស័យអាទិភាពទាំង៣ របស់រាជរដ្ឋាភិបាល លើ ការលើកកម្ពស់គុណភាពអប់រំ ពង្រឹងសមត្ថភាពគ្រូបង្រៀន ការពង្រឹងការអប់រំក្រៅប្រព័ន្ធ​ តាមរយៈការសិក្សាពេញមួយជីវិត។
កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថែមទៀត ចំពោះជំនួយដែលអង្គការយូណេស្កូបាន​ផ្តល់ក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិត​ថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈ ឌីជីថល។
ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យអញ្ជើញ លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ មកបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលា ដ៏សមស្របណាមួយ។
ដោយ: ទទក

 

ថ្មីៗ ពីទទក

កម្មវិធីទទក