ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១


-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានបំណងសហការជាមួយថៃ ដើម្បីនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចូលទឹកដីថៃ នឹងស្នើអាជ្ញាធរថៃសហការ នាំយកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីថៃ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសលើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលនេះមានអ្នកជម្ងឺកូវីដ-១៩ ចំនួន ១១០០នាក់ហើយ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននេះ អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ សម្តេចក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនានា ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេស។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញសរុបចំនួន ៣៨លាន៧២៩៩០០ដូស ស្របពេលដែលបណ្តាប្រទេសនានាក៏បានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា មកដល់ពេលនេះ កម្ពុជាមិនទាន់បានទទួលវ៉ាក់សាំងសន្យាសរុបចំនួន ៤៧ លាន ២១៥០០០ដូស ស្របពេលដែលកម្ពុជាយើងបានកំពុងសម្រុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនអោយប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណ:ទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។
សម្តេចក៏បានបញ្ជាក់ថា អ្នករៀបអាពាហ៍ពិពាហ៍​ ហើយចង់បានកូន គួរចាក់វ៉ាក់សាំងអោយបានមុនសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។

-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំហានដំបូងរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សចំនួន ៥មុឺននាក់ ដោយថ្នាំនេះ ១នាក់ត្រូវចំណាយអស់ ៥០$ ដែលសរុបចំនួនទាំង៥មុឺននាក់ ចំណាយថវិកាអស់ចំនួន ២លាន៥សែន ដុល្លារសហរដ្ឋអាមេរិក។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។

ថ្មីៗ ពីទទក

កម្មវិធីទទក