នាយករដ្ឋមន្ត្រី ឡាវ បានផ្ញើសារលិខិត ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ តាមរយៈការផ្តល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០០,០០០ ដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ផនខាំ វីផាវ៉ាន់
នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន ផ្ញើសារលិខិត ជូនសម្តេចអគ្គមហាសេនាបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ តាមរយៈការផ្តល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០០,០០០ ដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងសារលិខិត របស់ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ មានខ្លឹមសារថា
សម្តេច
ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ត ចំពោះជោគជ័យនៃកិច្ចប្រជុំត្រីភាគីជាប្រវត្តិសាស្ត្រនេះរបស់ថ្នាក់ដឹកនាំនៃគណបក្សឡាវ-វៀតណាម-កម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមមិត្ត ង្វៀន ភូទ្រុង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និង សមមិត្ត ថុងលូន ស៊ីស៊ូលីត អគ្គលេខាធិការគណបក្សបដិវត្តន៍ប្រជាជនឡាវ។ កិច្ចប្រជុំមេដឹកនាំបក្សត្រីភាគីជាប្រវត្តិសាស្ត្រនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងសហ-ប្រតិបត្តិការរវាងប្រជាជាតិនៅឥណ្ឌូចិន។ ព្រឹត្តការណ៍នេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីភាពជិតស្និទ្ធរវាងប្រជាជាតិទាំងបី ឡាវ-វៀតណាម-កម្ពុជា ជាទូទៅ និងជាពិសេសរវាង ឡាវ​និងកម្ពុជា។

តាងនាមឱ្យបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅ ជាពិសេសក្នុងគ្រាដ៏លំបាក ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ​-១៩ កម្ពុជានៅតែចែករំលែកដោយទឹកចិត្តសប្បុរសធម៌នូវអ្វីដែលកម្ពុជាមាន តាមរយៈការផ្តល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០០ ០០០ ដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កាយវិការនេះជាការរួមចំណែកជួយយើងខ្ញុំធ្វើឱ្យសម្រេចបានទិសដៅ ៥០% ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់យើងខ្ញុំនៅដំណាច់ឆ្នាំនេះតាមការគ្រោងទុក។

ជំនួយឧបត្ថម្ភដ៏មានតម្លៃនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងចំណងសាមគ្គីភាពដែលរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានចំពោះ រដ្ឋាភិបាលនិងប្រជាជនឡាវ ហើយក៏ជាអះអាងបញ្ជាក់ផងដែរពីចំណងមិត្តភាពជិតស្និទ្ធិ សាមគ្គីភាពយូអង្វែង និងភាពជាអ្នកជិតខាងល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបាន ពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាថែមទៀត​​។
ខ្ញុំសូមឆ្លៀតឱកាសនេះ សូមប្រសិទ្ធពរជូន សម្តេច សូមប្រកបតែសុខភាពល្អ សុភមង្គល និងជ័យជំនះធំធេងថែមទៀត នៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច។


ផនខាំ វីផាវ៉ាន់
នាយករដ្ឋមន្ត្រី
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

 

ថ្មីៗ ពីទទក

កម្មវិធីទទក