រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ


( ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ) ឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទីក្រុងវៀងចន្ទន៍ឯកឧត្តមខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោក នៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញ នៃជំងឺរកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីដ១៩ បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។
ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា សូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ ។
សូម ឯកឧត្តម មេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមបន្ថែមទៀត។

 

ថ្មីៗ ពីទទក

កម្មវិធីទទក