សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន​លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»


នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួម​ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើង​តាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះ​ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាន​នឹងផ្តោតការយកចិត្តទុកដាក់​លើកិច្ចខិតខំប្រឹងប្រែង​រួមរបស់អាស៊ាន ក្នុងការដោះស្រាយ​ជំងឺរាតត្បាតជាសកល កូវីដ-១៩ និងការលើកកម្ពស់​ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះ​ក៏នឹងពិភាក្សាផងដែរ​លើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យ​សហគមន៍អាស៊ាន​ឆ្នាំ២០២៥ និងទំនាក់ទំនង​របស់អាស៊ាន​ជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំ​ពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖
សម័យប្រជុំពិសេស​របស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទី​ស្រ្តីក្នុងយុគសម័យឌីជីថល (Digital), កិច្ចប្រជុំថ្នាក់ដឹកនាំ​អាស៊ានជាមួយតំណាង​អន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន​ជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំ​ថ្នាក់ដឹកនាំអាស៊ាន​ជាមួយតំណាងក្រុមប្រឹក្សា​ផ្តល់យោបល់ធុរកិច្ចអាស៊ាន៕