សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា


តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ក្រោមអាយុ ១៨ ឆ្នាំ សម្តេចបានអះអាងថា អ្នកធ្លាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង សុីណូហ្វាម និង សុីណូវ៉ាក់ គឺត្រូវចាក់វ៉ាក់សាំងប្រភេទ AstraZeneca សម្រាប់ដូសទី៣ ឬដូសជំរុញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​​ មាន​ ៧៥,៤២%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ថ្មីៗ ពីទទក

កម្មវិធីទទក