កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកំពុងឈរលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន


គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់។
បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋានមួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។
កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ១៣ខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជា មានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។
សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម
*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស
*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)
ចំនួន ៣,០០០,០០០ដូស
*ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស
ដោយឡែកសម្រាប់ខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ ចំនួនជាង ២០លានដូស ហើយអាចសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ។
សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។
បើគិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន ៤,៩៩៦,៧២២នាក់ ស្មើនឹង ៤៩.៩៧%។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល នឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ១៨ឆ្នាំ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ថ្មីៗ ពីទទក

កម្មវិធីទទក