សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និងចូលបុណ្យសពចំនួន​ ៥នាក់​ ដែលរងគ្រោះដោយអគ្គិភ័យ​ចំនួន ២ករណី​ នៅខណ្ឌដូនពេញ​ (ស្លាប់​ ៤នាក់) និងនៅខេត្តកំពង់ចាម (ស្លាប់​ ១នាក់)​


នៅថ្ងៃទី​ ១​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ និងខេត្តព្រៃវែង​ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារសព​ចំនួន​ ៤នាក់​ ជាកម្មករ ដែលបានទទួលមរណភាពដោយសារភ្លេីងឆេះហាងលក់សាច់ប៉ាតេ​ នៅក្នុងខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដែលក្នុងនោះ​ សព​ ៣នាក់​ (មាន​ ២នាក់ជាបងប្អូនបង្កេីត​)​ បានយកទៅបុណ្យនៅ​គេហដ្ឋានស្ថិតក្នុង​ឃុំពាមឧកញ៉ាអុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងសព​ ១នាក់ទៀត​ យកទៅធ្វេីបុណ្យនៅស្រុកកំណេីតស្ថិតនៅឃុំកំពង់ត្រាំ​ ស្រុកពារាំង​ ខេត្តព្រៃវែង។

ជាមួយគ្នានោះដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារសពអ្នកស្រី​ អឿន​ រដ្ឋា​ ជាស្ត្រីមេម៉ាយ​អាយុ​ ៣០ឆ្នាំ​ ដែលទទួលមរណភាពដោយភ្លេីងឆេះហាងសាំងនៅភូមិពព្រេង​ ឃុំស្ពឺ​ ស្រុកចំការលេី​ ខេត្តកំពង់ចាម​ ផងដែរ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង​ចំពោះឧបទ្ទវហេតុដែលបានកេីតឡេីង​ ហេីយបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងអនោចអធមបែបនេះ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​សព​ បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ​។

ជាកិច្ចឆ្លេីយតប​ ក្រុមគ្រួសារសពទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចូលរួមរំលែកទុក្ខ​ និងជួយសម្រាលដល់ជីវភាពរស់នៅដោយបានចូលរួមបុណ្យសពនីមួយៗនូវ​ អង្ករ​ ១០០គីឡូក្រាម​,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច​ ៥កេស,​ និងថវិកា​ ៥លានរៀល​។

សូមបញ្ជាក់ជូនថា​ ករណីអគ្គិភ័យឆេះហាងលក់សាច់ប៉ាតេ​ ដោយសារឆ្លងចរន្តអគ្គិសនី​ នៅសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ​២០២១កន្លងទៅ​ បានបណ្តាលឱ្យកម្មករ​ធ្វេីសាច់ប៉ាតេចំនួន ៤នាក់​ ទទួលមរណភាព​ ក្នុងនោះមានឈ្មោះ​ ៖​ ១.​ សម្បត្តិ​ បញ្ញា​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​,​ ២.​ ផុន​ ដាវី​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​,​ ៣.​ ផុន​ ដាវីត​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ ដែលអ្នកទាំង​ ៣នាក់នេះ​ មានទីលំនៅក្នុងឃុំពាមឧកញ៉ាអុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ និង​ ៤.​ នឿន​ កក្កដា​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ នៅឃុំកំពង់ត្រាំ​ ស្រុកពារាំង​ ខេត្តព្រៃវែង។​ ដោយឡែក​ ករណី​អគ្គិភ័យឆេះហាងលក់សាំង​ នៅចំណុចភូមិពព្រេង​ ឃុំស្ពឺ​ ស្រុកចំការលេី​ ខេត្តកំពង់ចាម​ កាលពីថ្ងៃទី​ ២៩​ ខែមិថុនា​ ឆ្នាំ​២០២១កន្លងទៅ​ បានបណ្តាលឱ្យមនុស្សស្លាប់​ ១នាក់​ ឈ្មោះ​ អឿន​ រដ្ឋា​ អាយុ​ ៣០ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ ដោយបន្សល់ទុកកូនស្រីអាយុ​ ៨ឆ្នាំ​ ១នាក់​៕

 

ថ្មីៗ ពីទទក

កម្មវិធីទទក