ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការ មិនដូចការឃោសនាបោកប្រាស់របស់ជនអគតិ ១ក្តាប់តូចនោះទេ។
សម្តេចបានបញ្ជាក់ទៀតថា ក្នុងបរិបទកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង ១ខែចំនួន ៤០លាន ដុល្លារសហរដ្ឋអាមេរិក ជួយដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណជាង ៧០មុឺនគ្រួសារ និងកម្មករដែលបាត់បង់ការងារ ដោយរដ្ឋបានចំណាយក្នុង១ខែកម្មករម្នាក់ ៤០ ដុល្លារ បូកនឹងថវិកាថៅកែរោងចក្រ ៣០ ដុល្លារទៀត បានសរុប ៧០ ដុល្លារ ព្រមទាំងកម្មករក្នុងវិស័យសណ្ឋាគារ ម្នាក់ ៤០ ដុល្លារ ក្នុង ១ខែ។
ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃ ១ ខែកក្តដា ឆ្នាំ ២០២១។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីសង្ស័យ នឹងចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីនធំតែម្តង។
សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់តេស្តរហ័សដល់បណ្តាខេត្តនានា ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ព្រោះបច្ចុប្បន្នយើងមាន តេស្តរហ័សចំនួន ១,១៤៤,៤៥០ នឹងចំនួន ១លានតេស្តរហ័សទៀត នឹងមកដល់នាពេលខាងមុខ ព្រមទាំង ៣សែនតេស្តកំពុងស្តុកក្នុង ឃ្លាំងយុទ្ធសាស្ត្រ។

- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនកម្មករដែលធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ កុំមានការព្រួយបារម្ភឲ្យសោះ ព្រោះភាគីថៃ បានសហការជាមួយក្រសួងការបរទេសកម្ពុជារួចហើយ ចំពោះកម្មករខ្មែរដែលធ្វើការមិនស្របច្បាប់ ភាគីថៃ នឹងចុះទៅរកពិនិត្យចុះឈ្មោះកម្មករដែលមិនស្របច្បាប់នេះ មកជាស្របច្បាប់វិញ។

- ដើម្បីពង្រីកការធ្វើតេស្តរហ័សប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកឱកាស នឹងអំពាវនាវឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តរហ័សបុគ្គលិករបស់ខ្លួន ដើម្បីអាចគ្រប់គ្រងបុគ្គលិកបាន។

- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់ អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ត្រូវមានការធ្វើតេស្តរហ័សជាចាំបាច់ ដើម្បីរកឃើញអវិជ្ជមាន ឬវិជ្ជមានកូវីដ-១៩ ភ្លាមៗ ហើយតេស្តរហ័សនេះ ពេលមកដល់កម្ពុជា មួយផ្នែកត្រូវយកមកផ្គត់ផ្គង់សម្រាប់កងកម្លាំងកងទ័ព អាវុធហត្ថ និងនគរបាល។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកមិត្តចិន ជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ។ កម្ពុជានឹងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ឲ្យបាន ១០លាននាក់ជាជំហានដំបូង ជំហានបន្ទាប់ នឹងបន្តចាក់ជូនក្មេងអាយុក្រោម ១៨ ឆ្នាំ ។
សម្តេចតេជោ បញ្ជាក់ទៀតថា បច្ចុប្បន្នយើងមានវ៉ាក់សាំង ជាង ១១លានដូសរួចមកហើយ គិតត្រឹមថ្ងៃទី ១ ខែកក្កដានេះ កម្ពុជាចាក់បាន ជាង ៤លាន ២សែននាក់ ស្មើជាង ៤២% ក្នុងចំណោម ១០លាននាក់ ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅក្នុងខែកក្កដា និងខែសីហា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ សុីណូហ្វាម និងសុីណូវ៉ាក់ ចំនួន ៩លានដូសទៀត ដែលភាគីចិនបានផ្តល់ជូន។

 

ថ្មីៗ ពីទទក

កម្មវិធីទទក