សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង


ក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការទៅកាន់ គ.ជ.ប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​

​​សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស​យើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ​។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់គ.ជ.ប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​៕