Barron Trump គឺជាកូនប្រុសពៅវ័យ១៨ឆ្នាំរបស់ លោក Donald Trump ដែលបានជួយឳពុក រកបានសម្លេងឆ្នោត ៣៦ពិន្ទុ ពីស្រទាប់យុវជនស្ទើមិនគួរឲ្យជឿ

មហាសេដ្ឋីផ្នែកជំនួញដ៏ល្បីជនជាតិអាមេរិកាំង របស់សហរដ្ឋអាម៉េរិកលោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ក្នុងអាណត្តិមិនជាប់គ្នារបស់លោក នៅប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោកដែរ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ក្នុងអាណត្តិថ្មីនេះ គឹកូនប្រុសពៅរបស់លោក Trump ដែលមានឈ្មោះថា Barron Trump កើតនៅថ្ងៃទី២០ មីនា ឆ្នាំ២០០៦ មកដល់ពេលនេះគេមានកំពស់ជិត ២ម៉ែត្រឯណោះក្នុងវ័យ១៨ឆ្នាំ ក្នុងឆ្នាំ២០២៥នេះ! Barron គឺជាកូនប្រុសទោលរបស់ស្រ្តីទី១ Melania Trump និង លោក Donald Trump (ដោយម្តាយគឺជាអតីតតារាបង្ហាញម៉ូដដ៏ស្រស់ស្អាតម្នាក់) ។ ពិធីស្បថចូលកាន់តំណែង សម្រាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីវ័យ ៧៨ឆ្នាំរូបនេះបានធ្វើឡើងនៅខាងមុខវិមាន Capitol របស់សហរដ្ឋអាមេរិកក្នុងទីក្រុង Washington, DC  អំឡុងពេលនោះដែរ លោក Trump ស្រាប់តែប្រកាសឈ្មោះកូនប្រុសពៅ Barron Trump ប្រកបដោយភាពស្វាហាប់យ៉ាងមោទកភាព និងមុតមាំបំផុតចំពោះមុខបណ្តាអ្នកមុខអ្នកការយ៉ាងច្រើន នៃសេតវិមានថា “ខ្ញុំមានកូនប្រុសមានកំពស់ខ្ពស់ម្នាក់ឈ្មោះ Barron តើមាននរណាធ្លាប់ឮពីរូបគេទេ? លោក Trump បានរំលឹកថា ” កូនប្រុសខ្ញុំដឹងពីការយកសម្លេងឆ្នោតពីស្រទាប់យុវជន។ អ្នកដឹងទេថាយើងបានឈ្នះការបោះឆ្នោតពីស្រទាប់យុវជន ៣៦ពិន្ទុឯណោះ កូនប្រុសខ្ញុំបាននិយាយទៀតថា “លោកប៉ា យើងត្រូវតែចេញក្រៅធ្វើដូច Joe Rogan ដូច្នោះដែរ យើងអាចធ្វើវាបាន យើងនឹងឈ្នះ ដូចJoe Rogan គឺអស្ចារ្យខ្លាំងណាស់”។ សំណួរសួរថាតើ Barron Trump មានចំណុចអ្វីខ្លះដែលធ្វើឲ្យលោកឳពុក Trump មានមោទកភាពយ៉ាងដូច្នេះ? ឆ្នាំនេះ Barron Trump ទើបតែមានអាយុ១៨ឆ្នាំ ស្ថិតក្នុងវ័យជាក្មេងជំទង់នៅឡើយទេ ប៉ុន្តែកាយសម្បទាលូតលាស់របស់គេ ពិតជាមិនដូចអាយុគេឡើយ។ Barron Trump បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យញូវយ៉ក (NYU) នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤នេះ និងបានបញ្ចប់ការសិក្សាពី Oxbridge Academy នៅ West Palm Beach ក្នុងខែឧសភាកន្លងទៅ ហើយនឹងត្រូវត្រៀមសិក្សាផ្នែកពាណិជ្ជកម្ម Stern របស់សកលវិទ្យាល័យ NYU ។ អំឡុងពេលយុទ្ធនាឃោសនារកសម្លេងឆ្នោតកាលពីខែវិច្ឆិកា Barron Trump តែងតែទៅណាមកណាជាមួយឪពុកម្តាយរបស់ខ្លួន ជាពិសេសយុទ្ធនាការឃោសនាក្នុងរដ្ឋ Florida។ យុវជន Barron Trump មើលទៅគឺជាកម្លាំងដ៏មុតស្រួចក្នុងយុទ្ធនាការឃោសនាឆ្នាំ២០២៤ របស់លោក Trump តែម្តង។ ចំពោះកូនប្រុសពៅរូបនេះលោក Trump មិនដែលរើសមេដោះឲ្យមើលថែរូបគេឡើយ លោកនិងលោកស្រី Melania ជាអ្នកមើលថែដោយផ្ទាល់ ដើម្បីបណ្តុះរូបគេឲ្យចេះធ្វើជំនួញផង និងស្វែងយល់កាន់តែជ្រាលជ្រៅ នៃជីវិតនយោបាយរបស់លោក Trump តាំងតែពីក្មេងផង។ Barron Trump ទៅណាមកណាតែងតែមានអង្គរក្សផ្ទាល់ខ្លួន តាំងពីក្មេងមកមិនថាទៅសាលារៀន ឬទៅកំសាន្តទីណាឡើយ។ លោក Trump ជាឳពុកស្រលាញ់កូនប្រុសពៅនេះខ្លាំងណាស់ លោកតែងតែទូន្មាន Barron Trump ថាហាមដាច់ពាក់ព័ន្ធនឹងគ្រឿងញៀន កុំជក់បារី កុំផឹកស្រា និង កុំសាក់លើខ្លួនឲ្យសោះ ប៉ុន្តែធ្វើអ្វីៗក៏ដោយកូនត្រូវទទួលបានចំណាត់ថ្នាក់ល្អជាងគេ។ លោក Trump ចំណាយគ្រប់បែបយ៉ាងលើការសិក្សានិងបណ្តុះបណ្តាល Barron Trump ខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកជំនាញទស្សន៍ទាយថាលោក Trump កំពុងសម្រួចអាវុធក្នុងជំនាន់បន្តបន្ទាប់។  កាលពីឆ្នាំ ២០១៦ មានពាក្យចចាមអារ៉ាម បានផ្ទុះឡើងដែលនិយាយថា Barron Trump ប្រហែលជាមានបញ្ហាអូទីសឹ្សម ដែលបំផុសឡើងដោយតារាកំប្លែង Rosie O’Donnell ស្រាប់តែលោកស្រី Melania Trump បាននិយាយថាពាក្យចចាមអារ៉ាមនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះកូនប្រុសរបស់លោកស្រី និងជាការ Bully មិនអាចលើកលែង នៅក្នុងសាលរៀន ដែលរូបគេបានសិក្សា។ អំឡុងពេលនៃពិធីសម្ពោធតំណែងជាផ្លូវការ នៃឪពុកខ្លួនឯង Barron Trump បានចាប់រលាក់ដៃជាមួយអតីតប្រធានាធិបតី Joe Biden និងអតីតអនុប្រធានាធិបតីលោកស្រី  Kamala Harris ដោយអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានប៉ាន់ប្រមាណថា Barron Trump អាចនឹងបន្តអាជីពនយោបាយនាពេលអនាគតរបស់លោក Trump ដែរ ដោយអ្នកខ្លះហ៊ានទាំងភ្នាល់ទៀតថា យុវជននេះនឹងក្លាយជាប្រធានាធិបតីអាម៉េរិកនៅថ្ងៃណាមួយមិនខាន ដោយសារតែរូបគេធ្លាប់រស់នៅ ក្រោមដំបូលសេតវិមាន១អាណត្តិពេញកាលពីលោក Trump ជាប្រធានាធិបតីអាម៉េរិកទី៤៥ ដោយពេលនោះរូបគេមានវ័យត្រឹមតែ១០ឆ្នាំទៅ១៤ឆ្នាំប៉ុណ្ណោះ។ គួររំលឹកថាប្រធានាធិបតី២ អាណត្តិមិនជាប់គ្នាលោក Donald Trump ធ្លាប់ឆ្លងកាត់ជីវិតគូ៣លើក និងកូនប្រុសស្រីសរុប៥នាក់ ដោយលើកទី១ជាមួយនឹងលោកស្រី Ivaka Trump មានកូនប្រុសស្រី៣នាក់ គឺ Donald Trump Jr,

Ivanka Trump និង Eric Trump ។ ចំណែកភរិយាទី២ឈ្មោះថា Maria Marples មានកូនស្រីម្នាក់ឈ្មោះថា Tiffany Trump និងភរិយាទី៣ គឺជាស្រ្តីទី១ ចំនួន២អាណត្តិដែរ គឺលោកស្រី Melania Knauss-Trump មានកូនប្រុសទោលម្នាក់ គឺយុវជន Barron Trump នេះឯង ដូច្នេះយើងនឹងរង់ចាំមើលថាតើ Barron Trump នឹងបង្កើតស្នាដៃអ្វីខ្លះ សម្រាប់អាណត្តិថ្មីរបស់លោក Donald Trump ជាបន្តបន្ទាប់?   

សម្រួលអត្ថបទ៖ សុផារិន្ទ