ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំងអស់ដែលជ្រោងទង់សាមគ្គីភាពខ្ពស់ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាមានការវិវឌ្ឍរីកចម្រើននិងគួរជាទីមោទនៈ

ក្នុងរយៈពេល ១ឆ្នាំមកនេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងអស់លោក លោកស្រី ជាមន្ត្រីរាជការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៅតាមបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត បានរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញនូវរាល់កិច្ចការងារតាមផ្នែក និងជំនាញនីមួយៗក្នុងបុព្វហេតុរួម ដើម្បីប្រយោជន៍រួម ស្ថិតនៅក្រោមដំបូល«ក្រសួងព័ត៌មាន» ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា កាន់តែមានភាពរឹងមាំជាលំដាប់។

ការថ្លែងកោតសរសើរ និងថ្លែងអំណរគុណរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន។ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តាមបណ្តាក្រសួង ស្ថាប័ន អភិបាលរងខេត្ត ទទួលបន្ទុកការងារព័ត៌មាន រួមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានតូនាទីចាប់ពីប្រធានការិយាល័យ រហូតដល់ថ្នាក់ដឹកនាំ ប្រធាន អនុប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត សរុបសមាសភាពចូលរួមជាង ៧០០នាក់ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ពេញ១ឆ្នាំនេះ គឺទទួលបានលទ្ធផលជាផ្លាផ្កា និងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការងារពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន សន្តិសុខព័ត៌មាន ការផ្តល់នូវសុវត្ថិភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គិតរហូតមកដល់ពេលនេះមានរយៈពេល ១៧ខែ ដែលជាដំណើរការងារក្នុងការដឹកនាំប្រទេសបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុនដែលនៅតែបន្តផ្តល់នូវអនុសាសន៍ ជួយចង្អុលបង្ហាញតម្រង់ទិសដល់ថ្នាក់ដឹកនាំជំនាន់ក្រោយនេះ ដើម្បីធានាថា នាវារបស់កម្ពុជាដែលដឹកនាំប្រជាជនជាង ១៧លាននាក់ គឺប្រកបទៅដោយដំណើរដ៏ត្រឹមត្រូវ ហើយធានានូវអ្វីដែលជាគោលដៅសំខាន់ និងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ គឺការថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាឍបនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍដែលយើងមាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ១ឆ្នាំនេះ បានឆ្លងកាត់នូវការលំបាកៗជាច្រើន ចំពោះមុខនៃស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបញ្ញាសិប្បនិមិត្ត ដែលចាំបាច់ត្រូវបន្ស៊ាំខ្លួននឹងការផ្លាស់ប្តូរស្ថានភាព ទាំងផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់ពេលវេលាទាំងអស់។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ដូច្នេះហើយជាជំហានបន្តទៀត ការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុត សម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្នុងនោះគុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ជាចាំបាច់បំផុត ។ ជាមួយក៏បានប្រឹងប្រែងពង្រឹងតូនាទីរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទៅការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ហើយផ្តល់នូវតូនាទីគាំទ្រ ទៅក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងកិច្ចការសាធារណៈ។

ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការរំលឹកនូវអនុសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំមកក្រសួងព័ត៌មាន អោយប្រើប្រាស់មន្ទីរព័ត៌មាន អោយលើសពីស្ថាប័ន ឬអង្គភាពទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាន ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី លើកទឹកចិត្តបន្ថែមទៀតទៅដល់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនការផ្សព្វផ្សាយ ហើយប្រព័ន្ធផ្សព្វផ្សាយជាតិធំ វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App ក្រសួងព័ត៌មាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយដ៏ទៃទៀតដែលមាន ជួយពង្រីកការផ្សព្វផ្សាយដើម្បីផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ បានលឿនទាន់ពេលវេលា ជាព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាព ។

តាមរយៈរបាយការណ៍លើកឡើងដោយ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាប្រចាំការក្រសួងព័ត៌មាន បានបង្ហាញអោយឃើញថាពេញមួយឆ្នាំ២០២៤កន្លងទៅនេះ មន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកប ដោយវិជ្ជាជីវ:ខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។

ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់យក នវានុវត្តន៍ឌីជីថ លូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹងកំណើន នៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media និងបញ្ញាសិប្បនិមិត្ត ព្រមទាំងការខិតខំជម្នះរាល់បញ្ហាប្រឈមដើម្បីធ្វើឱ្យសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ២០២៤-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចុះ ដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅក្នុងឆ្នាំ ២០២៤ ក្រសួងព័ត៌មានសម្រេចបានការងារធំៗជាច្រើនសម្រាប់ប្រទេសជាតិគួរជាទីមោទនៈដោយបានផ្សព្វផ្សាយពីសក្តានុពល និងកិត្យានុភាពជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំផ្ទាល់ព្រឹត្តិការណ៍ជាតិធំៗ ជាពិសេសការទទួលខុសត្រូវលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ដោយបានធ្វើការផ្សាយជូនដល់មជ្ឈដ្ឋានសាធារណជនជាតិ និងអន្តរជាតិ៕