ឯកឧត្តម សុខុម រិទ្ធីវុធ បិទវគ្គបណ្តុះបណ្តាលក្រោមមូលបទស្តីពី “ការគ្រប់គ្រង និងការតម្លើងកញ្ចក់ ជណ្តើរយោងនៅអគារខ្ពស់ៗ និងគ្រឿងផ្គុំសំណង់”
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈវិស្វករកម្ពុជា បានបិទវគ្គបណ្តុះបណ្តាលក្រោមមូលបទស្តីពី “ការគ្រប់គ្រង និងការតម្លើងកញ្ចក់ ជណ្តើរយោងនៅអគារខ្ពស់ៗ និងគ្រឿងផ្គុំសំណង់” នៅសាលប្រជុំគណៈវិស្វករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សាគណៈវិស្វករកម្ពុជា វាគ្មិនជាតិ និងវាគ្មិនថៃឡងដ៏ ម៉ាឡេស៊ី ព្រមទាំងសិក្ខាកាមជាវិស្វករចុះបញ្ជី មកពីក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន១៣៦ នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈជូនវិស្វករកម្ពុជា ដែលឧទ្ទេសនាមដោយវាគ្មិនជាតិ និងអន្តរជាតិ មានសញ្ញាបត្រខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំលើវិស័យនេះ។
បទអន្តរាគមន៍ទាំងនោះរួមមាន៖
* វិបត្តិនៃការប្រេះបែកនៃអគារ និងវិធីសាស្រ្តនៃការកែលំអ
*ប្រសិទ្ធភាពក្នុងការប្រើសម្ភារសំណង់ ដូចជាថ្នាំលាយបេតុងនិងកៅស៊ូខ្មៅ
*សុវត្ថិភាព និងពង្រឹងគុណភាពគ្រឿងបង្គុំសំណង់
*ការប៉ាន់តម្លៃសាងសង់ឱ្យស្រេចព្រមជាមួយនឹងស្ថាបត្យកម្ម និងគ្រឿងផ្គុំ
*ការតម្លើងកញ្ចក់ ប្រព័ន្ធពន្លឺ សម្រាប់អគារខ្ពស់ៗ
*ការតម្លើងជណ្ដើរយោង សម្រាប់អគារខ្ពស់ៗ
ថ្លែងក្នុងពិធីបិទសិក្ខាសាលា លោកស្រី ហម សូលក្ខណ៍ ប្រធានផ្នែកអប់រំ និងបណ្តុះបណ្តាលនៃគណៈវិស្វករកម្ពុជា បានលើកឡើងថា នេះជាការលះបង់ពេលវេលាដ៏មមាញឹក និងមានតំលៃរបស់វាគ្មិនជាតិ និងអន្តរជាតិ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ដូច្នេះសូមសិក្ខាកាមទាំងអស់ត្រងត្រាប់ កត់ត្រា និងចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីទាញយកអត្ថប្រយោជន៍ ទៅវិគាគ រៀបចំ កែសម្រួលកិច្ចប្រតិបត្តិការវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានជំរុញឱ្យវិស្វករទាំងអស់ សិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរិមាពីការវិវត្តទាំងនោះ មកឆ្នៃប្រឌិតក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងឱ្យកាន់តែល្អប្រសើរឡើង ពិសេសគឺជាឱកាសត្រៀមលក្ខណៈសម្បត្តិពេញលេញ សម្រាប់ការធ្វើសមាហរណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន និងសកលភាវូនីយកម្ម ព្រមទាំងបានអំពាវនាវដល់វិស្វករគ្រប់ជំនាញ ចូលរួមជាមួយគណៈវិស្វករកម្ពុជា ដើម្បីជំរុញឱ្យអាជ្ញាធរវិជ្ជាជីវៈជាតិមួយនេះ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់រួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕