ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងឧបសគ្គ OFF ROAD 2024 ត្រូវបានបើកជាផ្លូវការ ជាលើកដំបូង សំរាប់ខេត្តព្រះសីហនុ

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយាន យន្តកម្ពុជា និងលោក សាមុត សុធារិទ្ធ អភិបាល រង នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងឧបសគ្គ OFF ROAD ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃព្រហស្បត្តិ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបាន ឪ្យដឹងថា ការប្រណាំងរថយន្ត Off Road ជាលើកដំបូងនៅក្នុងក្រុងព្រះសីហនុ កន្លងមកការប្រណាំងរថយន្ត Off Road ធ្វើនៅក្នុងព្រៃ ឬលើភ្នំ ដែលប្រជាពលរដ្ឋមិនបានចូលរួមទស្សនា ហើយពេលនេះប្រជាពលរដ្ឋនិងភ្ញៀវទេសចរពួកគាត់អាចចូលរួមទស្សនាដោយសេរី ម្យ៉ាងទៀត ងាយស្រួល ដល់ កីឡាករ កីឡាការិនីរបស់យើងផងដែរ។ ការប្រណាំងរថយន្ត Off Road មានប្រទេសកម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចិន និង រុស្ស៊ី ព្រឹត្តិការណ៍នេះផ្តល់អត្ថប្រយោជន៍ទី ១.ការផ្សព្វផ្សាយទីក្រុងព្រះសីហនុ  ដោយផ្តោតលើវិស័យទេសចរណ៍
២.ជំរុញវិស័យយាន យន្តនៅក្នុងប្រទេសកម្ពុជា ឪ្យមានការរីក ចម្រើនបង្កើតកីឡាករថ្មីៗ ឈានទៅ ប្រកួតជាលក្ខណអន្តរជាតិ ហើយកីឡាកររបស់កម្ពុជា យើងបានចូលរួមការប្រកួតកីឡារថយន្ត Off Road នៅប្រទេសថៃ ឡាវ ម៉ាឡេស៊ី និងវៀតណាមផងដែរ។

លោក សាមុត សុធារិទ្ធ អភិ បាលរងខេត្តព្រះសីហនុ បានថ្លែងថា ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ នៅលើទឹកដីខេត្តតំបន់ឆ្នេរដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ សូមកោតសរសើរសហព័ន្ធកីឡាយានយន្តកម្ពុជា ក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា បានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road ខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីជម្រុញការអភិវឌ្ឍវិស័យកីឡាជាពិសេសវិស័យកីឡាប្រណាំងរថយន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងបង្កើនកិត្យា នុភាពខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោកអភិបាលរងខេត្តព្រះសីហនុបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យមានសន្តិភាព និងជាស្ពានចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទីយ៉ាង សំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាពស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា ចក្រកម្ពុជា “អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់” ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ដែលជាវិស័យមានការរីក ចម្រើន និងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា និងសកលលោកដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់ តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោ បាយឡើយ។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការ ប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វ ផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហា សមុទ្រ» និងបង្ហាញពីកិត្យានុភាពជាតិទៅ កាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ។ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាពិសេសការ លើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាង តិចប្រចាំជីវិត»។

លោកអភិបាលរងខេត្ត បានធ្វើ ការផ្តាំផ្ញើដល់កីឡាករ កីឡាការិនីត្រូវមានស្មារតីទទួលខុសត្រូវក្នុងនាមចិត្តជាកីឡាករយ៉ាងពិតប្រាកដ ដោយស្ម័គ្រចិត្តទទួល យកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ព្រោះកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគ យល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌  សុចរិតធម៌  ៕