លោក Biden នឹងអង្គុយចាំប្តូរតំណែងថ្មីជាមួយលោក Trump ជាលើកទី១បន្ទាប់ពីឆ្នាំ១៩៩២! ក្រោយពេលដែលលោក Trump ធ្លាប់ចាកចេញទាំងព្រងើយកន្តើយមិនធ្លាប់មានកាលពីឆ្នាំ២០២០

មុនពេលដែលលោក Donald Trump វិលត្រលប់មកកាន់សេតវិមានវិញនិងដើម្បីរក្សានូវទំនាក់ទំនងនៃស្ថានភាពល្អនៅថ្ងៃអបអរសាទរនៃការកាន់តំណែងជាផ្លូវការថ្មីរបស់លោកក្នុងនាមជាប្រធានាធិបតីថ្មីអាម៉េរិកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផង  ប្រធានាធិបតីអាម៉េរិកបច្ចុប្បន្នលោក Joe Biden នៅតែរក្សាសុជីវធម៌អញ្ជើញរូបលោក Trump ដដែល។ ឱកាសដ៏កម្រនៃការជួបគ្នាលើកនេះ រវាងលោក Trump និង លោក Biden អាចនឹងមានភាពឆ្គាំឆ្គងជាមួយគ្នាបន្តិច ជាពិសេសគឺដោយសារថា កាលពីឆ្នាំ ២០២០ បន្ទាប់ពីលោក Biden បានយកឈ្នះលោក Trump ប្រធានាធិបតី Trump ពេលនោះមិនបានផ្តល់ការអញ្ជើញជាពិសេសរបស់សេតវិមានបែបនេះទេ។ លោក Trump ថែមទាំងបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន មុនពេលរូបលោក Biden ចូលកាន់តំណែងដែរ ដែលទង្វើនេះធ្វើឲ្យលោកក្លាយជាប្រធានាធិបតីដំបូងគេដែលធ្វើទង្វើគ្មានសុជីវធម៌ដូច្នេះចាប់តាំងពីឆ្នាំ១៨៦៩។ ចំណែកលោក Biden ក៏បានប្តេជ្ញាថានឹងធានាឱ្យមានការផ្លាស់ប្តូរតំណែងនេះដោយរលូនដែរ លោកនឹងមិនធ្វើទង្វើគ្មានសុជីវធម៌បែបនេះឡើយ ដែលកិច្ចជំនួបនេះគ្រោងនឹងធ្វើនៅព្រឹកថ្ងៃពុធស្អែកនេះ (ម៉ោងនៅអាម៉េរិក)។ ហើយសកម្មភាពលោក Biden លើកនេះនឹងក្លាយជាលើកទី១ក្នុងប្រវត្តិសាស្រ្តអាម៉េរិកដែរ គិតចាប់តាំងពីឆ្នាំ ១៩៩២ ដែលក្នុងនាមជាប្រធានាធិបតីផុតអាណត្តិ បានអង្គុយចាំប្តូរតំណែងជាមួយអ្នកថ្មី ក្នុងការិយាល័យ Oval ដ៏កំពូលរបស់អាម៉េរិក៕ សម្រួលអត្ថបទ៖ សុផារិន្ទ