Zillion

ឯកអគ្គរាជទូតម៉ាឡេស៉ី ជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការងារទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាជួញដូរមនុស្ស 

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យលោក ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់ឯកអគ្គរាជទូតម៉ាឡេស៉ី និងគណៈប្រតិភូដែលបានចំណាយពេលវេលាសម្រាប់ការរៀបចំនូវជំនួបនេះ។

ក្នុងនោះឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ដែលបានចំណាយពេលវេលាក្នុងការទទួលជួបទ្វេភាគីនេះ និងបានណែនាំសមាសភាព លោក ដាតូ ស្រ៊ី អែបចាលីល ប៊ីនហាសាន់ (Dato Sri Abd Jalil bin Hassan) ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ នៃនគរបាលភូមិន្ទម៉ាសុីផងដែរ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការចូលរួមសហការគ្នារវាងសមត្ថកិច្ចនគរបាលកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏ដូចជានាយកដ្ឋានសេីបអង្កេតបទល្មេីសឧក្រិដ្ឋ សហការគ្នាដើម្បីចូលរួមបង្កា ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរមនុស្ស ក៏ដូចជាការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការដោយខុសច្បាប់។

ភាគីទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ជាពិសេសសម្ដែងនូវការប្ដេជ្ញាចិត្តបន្តជំរុញឲ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើឡើងថែមទៀត៕