Zillion

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញប្រជុំបូកសរុបការងារធានាភ័ស្ដុភារឆ្នាំ២០២២ របស់យោធភូមិភាគទី៥ 

ខេត្តបាត់ដំបង÷ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ មានកិច្ចប្រជុំបូកសរុបការងារធានាភ័ស្ដុភារឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារភ័ស្តុភារ នាយសេនាធិការរងនិងជានាយការិយាល័យទី៤ កងទ័ពជើងគោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង  ចំណុះយោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង និងជំនាញភ័ស្តុភារគ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកយកចំណុចសំខាន់ៗ មកផ្សព្វផ្សាយដល់ នាយទាហាន ពលទាហានទាំងអស់អោយបានយល់ដឹងពីការងារផ្គត់ផ្គង់ចិញ្ចឹមទ័ព ការងារសាងសង់ ជួសជុលជំរុំជម្រក ការងារថែទាំសុខភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសម្ភារ បរិក្ខា ការងារគ្រឿងបំពាក់ ការងារបច្ចេកទេស និងការងារបញ្ជូនសារជាដើម។ 

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការផ្តាំផ្ញើដល់កម្លាំងជំនាញទាំងអស់ ដែលបានចូលរួមប្រជុំថ្ងៃនេះ ត្រូវបន្តការងារថែទាំសមិទ្ធិផលនិងសម្ភារដែលមាន អោយបានល្អប្រសើរ។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តទៀតថា គ្រប់បណ្ដាអង្គភាពចំណុះទីបញ្ជាការយោធ ភូមិភាគទី៥ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារចិញ្ចឹមទ័ព សុខភាព អនាម័យ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព បន្តលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយកាន់តែល្អប្រសើរមួយកម្រិតថែមទៀត កម្លាំងជំនាញភស្តុភារបច្ចេកទេសទាំងអស់ត្រូវចេះថែរក្សាយានយន្តអោយបានល្អ ដើម្បីធានាក្នុងការប្រតិបត្តិការ និងត្រូវថែរក្សាដុះខាត់អាវុធ គ្រាប់ អោយបានល្អផងដែរ។

ជាទីបញ្ជប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរ ដល់កងឯកភាពមានស្នាដៃល្អឆ្នើមក្នុងការងារជំនាញការិយាល័យទី៤ ក្នុងឆ្នាំ២០២២ ទទួលបានលទ្ធផលល្អប្រសើរផងដែរ៕