រូបភាពផ្កាយរណបបង្ហាញពីទំហំខូចខាតធ្ងន់ធ្ងរក្រោយពីអ៊ីស្រាអែលសម្រុកវាយប្រហារមូលដ្ឋានយោធាសម្ងាត់ចំនួន២របស់អ៊ីរ៉ង់
ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានធ្វើឱ្យខូចខាតសម្ភារៈបរិក្ខារនៅឯមូលដ្ឋានយោធាសម្ងាត់មួយនៅភាគអាគ្នេយ៍នៃរដ្ឋធានីអ៊ីរ៉ង់ ដោយកាលពីអតីតកាលអ្នកជំនាញធ្លាប់បានផ្សារភ្ជាប់វាទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរម្តងរួចហើយរបស់ទីក្រុងតេអេរ៉ង់ និងមួយទៀតនៅឯមូលដ្ឋានដែលបានភ្ជាប់ទៅនឹងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ដែរ។ អគារមួយចំនួនបានខូចខាតដែលវាស្ថិតនៅក្នុងមូលដ្ឋានយោធា Parchin របស់អ៊ីរ៉ង់ ជាកន្លែងដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិសង្ស័យថាអ៊ីរ៉ង់បានធ្វើតេស្តសាធារធាតុផ្ទុះខ្ពស់ ដែលអាចបង្កជាអាវុធនុយក្លេអ៊ែរនាពេលកន្លងមក។ អស់ពេលជាយូរណាស់មកហើយអ៊ីរ៉ង់បានទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺមានសន្តិភាពធម្មតាទេ ទោះបីជាទីភ្នាក់ងារ IAEA និងភ្នាក់ងារចារកម្មលោកខាងលិច និងអ្នកផ្សេងទៀតនិយាយថាទីក្រុងតេអេរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរសកម្មរហូតដល់ឆ្នាំ ២០០៣ក្តី។ ទំហំខូចខាតផ្សេងទៀតអាចត្រូវបានគេមើលឃើញនៅឯមូលដ្ឋានយោធា Khojir ក្បែរនោះ ដែលអ្នកវិភាគជឿថាអ៊ីរ៉ង់បានលាក់ទុកផ្លូវក្រោមដីនូវប្រព័ន្ធនិងទីតាំងផលិតមីស៊ីលរបស់ខ្លួន។ យោធាអ៊ីរ៉ង់មិនបានទទួលស្គាល់ការខូចខាតទាំងស្រុងនៅ Khojir ឬ Parchin នោះទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសៅរ៍កន្លងទៅ និងទោះបីជាខ្លួនបាននិយាយថាការវាយប្រហារនេះបានសម្លាប់ទាហានអ៊ីរ៉ង់៤នាក់ដែលធ្វើការនៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសខ្លួនក៏ដោយ។ បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអ្វីនោះទេជុំវិញបញ្ហានេះ។ ចំណែកយោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយដូចគ្នាដែរ។ អ្នកវិភាគអន្តរជាតិរួមមាន លោក Decker Eveleth និងអ្នកវិភាគនៅ CNA ដែលមានមូលដ្ឋាននៅរដ្ឋ Virginia និងលោក Joe Truzman ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និងជាអតីតអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិលោក David Albright ក៏ដូចជាអ្នកជំនាញបើកចំហផ្សេងទៀតបានកំណត់អត្តសញ្ញាណដំបូងនៃការខូចខាតដល់មូលដ្ឋានសំខាន់របស់អ៊ីរ៉ង់ដូចៗគ្នា៕ សម្រួលអត្ថបទ៖ សុផារិន្ទ