រដ្ឋបាលខេត្តប៉ៃលិន ប្រារព្វព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រង ព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ប៉ៃលិន៖ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន , នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ សាលាដំបូងខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងព្រះមន្រ្តីសង្ឃទាំងពីរគណៈ បានអញ្ជើញប្រារព្វព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រង ព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងបរិយាកាសរីករាយ អធិកអធមនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសូមព្រះបរម រាជាអនុញ្ញាត លំឱនកាយ អភិវន្ទន៍កិច្ច សម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយ យ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង, និងសម្តែងនូវកតញ្ញូតាធម៌ ដ៏ស្មោះស្ម័គ្រ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណ ដ៏ថ្លៃថ្លា នៃព្រះបារមី ព្រះបរមរាជសម្បត្តិ ដ៏ពិសិដ្ឋរបស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលព្រះអង្គ តែងតែសព្វ ព្រះរាជទ័យ យកចិត្តទុកដាក់ អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ បំពេញព្រះរាជតួនាទី ដ៏ឧត្តុង្គឧត្តម បម្រើមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយ ទសពិធរាជធម៌ និងព្រះរាជតម្រិះ គតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិ មាន សុខ សន្តិភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនា ជូនប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រង ព្រះបរមរាជសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយព្រះបរមនាមថាៈ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតៈ ខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រខេមរាជនា សមូហោភាស កម្ពុជា ឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី, ដែលមាន សេចក្តីថាៈ អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ ព្រះមហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ , អ្នករួបរួម ខេមរជនទាំងអស់, អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ៕
ដោយ វួច ពឿន: ភ្នាក់ងារ ទទក ប៉ៃលិន