Zillion

ឯកឧត្តម ជាសុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨”

នៅសួនមុខស្ថានទូតបារាំង មានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក”រូបពីរ” រឺ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី1ពីឆ្នាំ 1914 ដល់ឆ្នាំ 1918” ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុបនិងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញនិងជនជាតិបារាំងនៅក្រៅប្រទេសនៃសាធារណ​រដ្ឋបារាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងនិងអភិបាលរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រមទាំងនិស្សិតជាច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម Olivier Becht បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនា​បតី​តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានសម្រេចចិត្តក្នុងការសាងសង់ឡើងវិញនៅទីតាំងដដែលគឺនៅមុខស្ថានទូតបារាំងនូវវិមានឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនបារាំងនៅកម្ពុជាដែលបានពលីដើម្បីប្រទេសបារាំងក្នុងសង្គ្រាមលោកលើកទី1។វិមាននេះត្រូវបានខូចខាតដោយសារការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហមក្នុងឆ្នាំ 1977។ឯកឧត្តមបានបង្ហាញពីក្តីរំភើបរីករាយចំពោះការសម្រេចចិត្តដ៏មានអត្ថន័យរបស់សម្ដេចតេជោហ៊ុនសែនក្នុងការសាងសង់វិមាននេះឡើងវិញដោយសារទីនេះជាទីកន្លែងសម្រាប់រំលឹកនូវប្រវត្តិសាស្ត្ររួមក៏ដូចជាបញ្ជាក់សារជាថ្មីនូវគុណតម្លៃដែលយើងមានរួមគ្នា។កាយវិការនេះឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងទាក់ទងដែលផ្សារភ្ជាប់ប្រទេសទាំងពីរកម្ពុជាបារាំង ក៏ដូចជាប្រវត្តិសាស្ត្រដែលប្រទេសយើងទាំងពីរមានរួមគ្នាដែលគិតមកដល់ពេលនេះគឺមានរយៈពេល 160 ឆ្នាំហើយ។ការសម្រេចចិត្តរបស់សម្ដេចតេជោជាកាយវិការដ៏ឧត្តុងឧត្តមក្នុងការវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យុទ្ធជនកម្ពុជានិងបារាំងដែលបានពលីក្នុងការប្រយុទ្ធតស៊ូដើម្បីការពារប្រទេសបារាំង។តាមរយៈសេចក្តីក្លាហានរបស់យុទ្ធជនកម្ពុជានិងបារាំងធ្វើឲ្យយើងទទួលបានជ័យជំនះនៅឆ្នាំ 1918។យុទ្ធជនកម្ពុជាប្រមាណ 2 ម៉ឺននាក់បានចូលរួមក្នុងសង្គ្រាមដែល 100 ឆ្នាំក្រោយមកយើងនៅបន្តហៅថាមហាសង្គ្រាមឬសង្គ្រាមលោកលើកទី 1។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី 10 ខែធ្នូឆ្នាំ 2022 និងដូចដែលបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោនិងឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី 13 ខែធ្នូឆ្នាំ 2022 ទើបនៅថ្ងៃនេះវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី1ពីឆ្នាំ 1914 ដល់ឆ្នាំ 1918ត្រូវបានធ្វើពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រដ៏សំខាន់មួយគឺដំណើរការផ្លាស់ប្ដូរស៊ីជម្រៅនៅក្នុងទិដ្ឋភាពនៃសង្គម។កម្ពុជាដែលពីមុនជាវាលពិឃាតបានក្លាយទៅជាកោះសន្តិភាពនិងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ក្រោមមគ្គុទេសក៍ ដ៏ប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះនិងនយោបាយឈ្នះឈ្នះបាននាំឲ្យកម្ពុជាទទួលបាននូវសន្តិភាពស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមយ៉ាងពេញលេញព្រមទាំងមានការអភិវឌ្ឍទាំងនៅក្នុងទីក្រុងនិងទីជនបទ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថារាជរដ្ឋាភិបាលបានសម្រេចសាងសង់ឡើងវិញវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី1ពីឆ្នាំ 1914 ដល់ឆ្នាំ 1918ដែលវិមាននេះត្រូវបានសាងសង់កាលពីឆ្នាំ 1925 ហើយត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោល។វិមាននេះត្រូវបានសាងសង់នៅពេលដែលសង្គ្រាមលោកលើកទីមួយបានបញ្ចប់ ដោយអាជ្ញាធរបារាំងបានសម្រេចកំណត់យកទីតាំងនៅក្នុងទីធ្លាមុខស្ថានទូតបារាំងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វា រាជធានីភ្នំពេញដើម្បីសាងសង់វិមាននេះឡើងវិញ។ការសម្រេចសាងសង់វិមាននេះគឺដើម្បីរំលឹកដល់ជ័យជំនះនៅក្នុងសង្គ្រាមលោកលើកទី1របស់បារាំងផងនិងដើម្បីរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តរបស់កម្ពុជាក្នុងការជួយបារាំងច្បាំងនៅក្នុងសង្គ្រាមលោកលើកទី1ផងនិងជាការថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជាជាពិសេសព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិដែលបានបញ្ជូនកងជីវពលខ្មែរជួយបារាំងធ្វើសង្គ្រាម ដល់ទឹកដីបារាំងនៅចន្លោះឆ្នាំ 1,916 ដល់ឆ្នាំ1981ផង។