
ក្លិប Everton បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Frank Lampard ហើយក្រោយដឹកនាំក្រុមមិនបានល្អ ក្រោយបរាជ័យចំនួន៩ប្រកួត ក្នុង ១២ប្រកួតចុងក្រោយនៅ Premier League និងចុងចាញ់ក្រោមស្នាដៃ West Ham កាលពីថ្ងៃសៅរ៍ផងដែរ ។
បច្ចុប្បន្ននេះ Everton ឈរលេខ១៩ មាន ១៥ពិន្ទុស្មើជាមួយក្រុមបាតតារាង Southampton បន្ទាប់ពីការប្រកួតចំនួន ២០ប្រកួតរដូវកាលនេះ។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសវ័យ ៤៤ឆ្នាំរូបនេះបានមកជំនួសតំណែងលោក Rafael Benitez កាលពីខែមករា ឆ្នាំ២០២២ នៅពេលដែល Everton ឈរលេខ ១៦ នៅពេលនោះ និងជួយ Everton រួចផុតពីការកាត់ចោល។
ក្រោមការដឹកនាំរបស់ Frank Lampard នៅ Everton សរុបចំនួន ៣៨ប្រកួតរួមមានឈ្នះ ៩ ស្មើ ៨ ចាញ់ ២១ ដែលជាស្ថិតិជាមធ្យមដ៏អាក្រក់មួយបើប្រៀបធៀបនឹងអ្នកចាត់ការមុនៗ។ Everton នៅពេលនេះកំពុងស្វែងរកអ្នកចាត់ការថ្មីជាចាំបាច់ ហើយមនុស្ស ៣នាក់ត្រូវបានគេរំពឹងថានឹងអាចក្លាយជាអ្នកចាត់ការបន្តពី Lampard រួមមាន Wayne Rooney, Marcelo Bielsa និង Sean Dyche៕