ករណីធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុង Houston សម្លាប់មនុស្ស៤នាក់មានកុមារម្នាក់លើបង្គោលដែកស្ថានីយ៍វិទ្យុ
អាជ្ញាធរកំពុងបន្តស៊ើបអង្កេតបន្ទាប់ពីមានករណីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Houston ដោយវាបានសម្លាប់មនុស្ស៤នាក់នៅលើតួឧទ្ធម្ភាគចក្រនេះ ហើយវាបានបំផ្លាញបង្គោលផ្កាយរណបរបស់ស្ថានីយ៍វិទ្យុមួយដែរឲ្យដួលរាបដល់ដី។ អភិបាលក្រុង John Whitmire បាននិយាយថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅគឺនៅមុនម៉ោង៨យប់ថ្ងៃអាទិត្យ(ម៉ោងនៅអាម៉េរិក) ហើយលោកបញ្ជាក់ទៀតថាមុនពេលវាធ្លាក់ គឺវាបានហោះចេញពីពីតំបន់ Ellington Field ប៉ុន្តែលោកមិនដឹងទេថាតើទិសដៅណាដែលឧទ្ធម្ភាគចក្រនោះនឹងត្រូវទៅ។ លោកវរសេនីយ៍ទោ Jonathan French ដែលស្ថិតនៅជាមួយនាយកដ្ឋានប៉ូលីសទីក្រុង Houston បាននិយាយថា ពួកគេបានជជែកគ្នាថាតើកន្លែងដែលធ្លាក់ឧទ្ធម្ភាគចក្រនោះ និងអ្នកដែលរស់នៅតំបន់នោះវាបានប៉ះពាល់គ្នាកម្រិតណាខ្លះ។ មូលហេតុនៃករណីធ្លាក់នេះគឺមិនមែនជារឿងតូចទេ ព្រោះវាបានសម្លាប់មនុស្សនិងបំផ្លាញទីតាំងស្ថានីយ៍វិទ្យុផងដែរ។ អត្តសញ្ញាណជនរងគ្រោះ និងអាយុរបស់ពួកគេមិនត្រូវបានបញ្ចេញនៅឡើយទេ ប៉ុន្តែមន្ត្រីម្នាក់បាននិយាយថាក្នុងនោះមានកុមារម្នាក់ដែរ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនិយាយថា ខ្លួនកំពុងស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រប្រភេទ Robinson R44 II នេះ គឺដោយសារតែវាមិនអាចរកមូលហេតុពិតប្រាកដបាននៅឡើយ។ ចំណែកមេប៉ូលិសក្រុង Houston លោក J. Noe Diaz និយាយថា ឧទ្ធម្ភាគចក្រឯកជនដែលមានមនុស្ស ៤នាក់នៅលើនោះ បានបុកខ្សែកាបវិទ្យុ ឬបង្គោលផ្កាយរណបនោះ ប៉ុន្តែពេលវាធ្លាក់ចុះមក គឺគ្មានមនុស្សនៅទីតាំងធ្លាក់នោះទេ៕ សម្រួលអត្ថបទ៖ សុផារិន្ទ