គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា
ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នាទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ ក្នុងព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី មានសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការផ្តល់ភាពអង់អាចដល់យុវជនក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសុវត្ថិភាព ភាពធន់ និងបរិយាបន្ន សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការជំរុញសមាជិកសភាវ័យក្មេងចូលរួមក្នុងការអនុវត្តចំណុចទី៣នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាស៊ាន និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយក្នុងកិច្ចប្រជុំសកលលើកទី៩ របស់សមាជិកសភា វ័យក្មេង ស្តីពីការជំរុញតួនាទីរបស់យុវជនក្នុងការពន្លឿនសមិទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈបរិវត្តកម្មនិងនវានុវត្តន៍ឌីជីថល។
កិច្ចប្រជុំនេះដឹកនាំដោយតំណាងរដ្ឋសភាប្រទេសឡាវដែលជាម្ចាស់ផ្ទះ។ គណៈប្រតិភូគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើនទៀត ដែលផ្តោតទៅលើការជំរុញការចូលរួមរបស់យុវជនសម្រាប់ការអភិវឌ្ឍ រួមបញ្ចូលការផ្លាស់ប្តូរសេដ្ឋកិច្ច និងការចូលរួមបែបប្រជាធិបតេយ្យ រួមទាំងជំរុញតួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងការអនុវត្តល្អៗ ពន្លឿនសមិទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថល ដើម្បីបន្តលើកកម្ពស់ចំណេះដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងការកសាងសហគមន៍អាស៊ានមួយប្រកបដោយសុខុមាលភាពមាំមួន សន្តិសុខ ភាពធន់ និងបរិយាបន្ន៕