Zillion

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រកាសឱ្យដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោល នយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំពិធីប្រកាសឱ្យដំណើរការក្រុមការងារបច្ចេកទេស អន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។

 ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ។ 

បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអបអរសាទរចំពោះសមាជិកក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានទទួលការតែងតាំងពីរាជរដ្ឋាភិបាល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អាជ្ញាធរ គឺជាការប្រមូលធនធានបញ្ញាញាណ ដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ក្នុងនោះក្រុមការងារមានតួនាទីភារកិច្ច ៖ ១) សិក្សា និងរៀបចំគោលនយោបាយ ២) សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍ ៣) សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល ៤) សិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍ ៥) សិក្សា និងវិភាគពីតម្រូវការហិរញ្ញវត្ថុ ៦) ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយ ៧) ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ ៨) រាយការណ៍ជូន អាជ្ញាធរពីវឌ្ឍនភាពនៃការរៀបចំគោល នយោបាយ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា កម្ពុជាយើងបានសម្រេចគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ចំពោះគោលដៅ៩៥ទី១ដែលយើងនៅមិនទាន់សម្រេចបាន យើងត្រូវ ៖ ១) បង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធីដែលកំពុងដំណើរការសមស្របនឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ? ២) តើកម្មវិធីបង្ការអាចធ្វើនវានុវត្តន៍យ៉ាងដូចម្តេច តាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្តនៅពេលណា? ៣) តើត្រូវមានវិធីទាក់ទាញអ្វីខ្លះ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនគន្លឹះមកធ្វើតេស្តរកមេរោគអេដស៍? ៤) ការស្វែងរកអ្នកបាត់មុខជាង ១០០០០នាក់ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាជាតិ៥លានដុល្លារ ក្នុងមួយឆ្នាំ ដោយមិនគិតពីថវិកាសម្រាប់មន្រ្តីជាប់កិច្ចសន្យាមូលនិធិសកល ព្រមទាំងថវិកា៨០លានរៀល និង៦០លានរៀលសម្រាប់រាជធានី ខេត្តចំនួន១៥ នឹងត្រូវផ្តល់ឱ្យដើម្បីចំណាយលើការងារអេដស៍។ ទន្ទឹមនឹងនោះ ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុងរង្វង់១៣លានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី USAIDS ក៏នឹងត្រូវផ្តល់ជាជំនួយលើការងារអេដស៍ផងដែរ។