ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ 

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ដោយក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងមានការចូលរួមពីលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម និងលោក Jochen M. Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, ឡាវ និងវៀតណាម ។

លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, ក្នុងឆ្នាំ ២០២៤ នេះ, កម្ពុជាមានកំណើនប្រមាណ ៥,៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនការនៃវិស័យ ទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប ។ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣ កន្លងទៅ ។ សម្រាប់ឆ្នាំ ២០២៥, សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យ ទេសចរណ៍ និងកសិកម្ម ។ 

គួរបញ្ជាក់ដែរថា, ទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ រួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម ប៉ុន្តែជាមួយគ្នានេះក៏មានកាលានុវត្តភាពមួយចំនួនសម្រាប់កម្ពុជាផងដែរដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ។ ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយចម្បងៗមួយចំនួន ដែលមាននិន្នាការស្របគ្នាទៅនឹងការគិតគូររបស់រាជរដ្ឋាភិបាល រួមមាន៖

១.  ការរក្សាជំហរគោលនយោបាយពង្រឹង ប្រសិទ្ធភាពថវិកាជាជំហាន (Gradual Fiscal Consolidation Stance) សំដៅកសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ,

២. ការពង្រឹងការកៀរគរចំណូល តាមរយៈ ការដាក់ចេញឱ្យអនុវត្តនូវ យុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់, 

៣. ការធ្វើអាទិភាវូបនីយកម្មចំណាយ ឱ្យស្របតាមតម្រូវការនៃការអភិវឌ្ឍ ជាមួយនឹងការ   ផ្តល់អាទិភាពខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ, 

៤. ការបន្តអនុវត្តគោលនយោបាយ  ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការបន្តពង្រឹង ក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ និង 

៥. ការបន្តជំរុញពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ។

ជាមួយគ្នានេះ, មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏លើកទឹកចិត្តដល់ស្ថាប័នសាធារណៈ ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវការចែករំលែកទិន្នន័យ ក៏ដូចជាបន្តពង្រឹងគុណភាពទិន្នន័យ សំដៅបន្តធ្វើឱ្យការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែមានសុក្រឹតភាព និងមានភាពប្រាកដនិយមខ្ពស់ ក៏ដូចជាលើកកម្ពស់ការតាក់តែង និងរៀបចំគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាពនៃលទ្ធផលកំណើនសេដ្ឋកិច្ច និងស្ថានភាពតាមវិស័យ  សំខាន់ៗ ជាពិសេស លើវិស័យជំរុញកំណើន (growth drivers) ក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់រាជរដ្ឋាភិបាល ទោះបីជាទំហំ (magnitude) អាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជា ខិតខំ សម្រេចឱ្យបាន កំណើន សេដ្ឋកិច្ច ៦,០% នៅ ឆ្នាំ ២០២៤ និង ៦,៣% នៅ ឆ្នាំ ២០២៥ ។ កត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាល បន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដាក់ចេញឱ្យបានទាន់ពេលវេលានូវវិធានការអន្តរាគមន៍ចាំបាច់នានា ឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ចំពោះមុខផង និងបង្កើនការគិតគូរប្រកបដោយស្មារតីបុរេសកម្មខ្ពស់ ដើម្បីបន្តពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាគិតគូរដាក់ចេញនូវវិធានការថ្មីបន្ថែមទៀត ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង សំដៅធានាបាននូវកំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ ។ 

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតដល់ក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃសេដ្ឋកិច្ច ក៏ដូចជាការលើកឡើងនូវអនុសាសន៍គោលនយោបាយចម្បងៗ ដែលមានសង្គតិភាពទៅនឹងយុទ្ធសាស្រ្តគោលនយោយបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេស «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដែលនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម និងវែងខាងមុខ ។