ឯកឧត្តម សុខុម រិទ្ធីវុធ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងសុវត្ថិភាពក្នុងវិស័យវិស្វកម្ម

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងសុវត្ថិភាពក្នុងវិស័យ     វិស្វកម្ម និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សាគណៈវិស្វករកម្ពុជា វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាវិស្វករចុះបញ្ជី សរុបចំនួនប្រមាណ២០០នាក់។លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាបានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈជូនវិស្វករកម្ពុជា ដែលឧទ្ទេសនាមដោយវាគ្មិនជាតិ និងអន្តរជាតិ មានសញ្ញាបត្រ និង បទពិសោធន៍ខ្ពស់លើវិស័យនេះ ក្នុងគោលបំណងជាជំនួយដើម្បីបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ និងបទពិសោធន៍ថ្មីៗ ពីគ្រប់គ្រងសុវត្ថិភាព និងការកំណត់ហានិភ័យក្នុងការដ្ឋានសំណង់ ច្បាប់ និងបទដ្ឋាននានា ស្តីពីសុវត្ថិភាពអគ្គិភ័យក្នុងព្រះរាជាណាចក្រកម្ពុជា ការគណនាគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជូនវិស្វករចុះបញ្ជី។ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យអនុវត្ត ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ក៏ដូចជា ការពង្រឹងគុណភាព និងសមត្ថភាពវិស្វករ ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចិរភាព។ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនៈភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី។ ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្ថែមថា គណៈវិស្វករកម្ពុជា ដែលជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ និងជាមជ្ឈមណ្ឌលផ្ដល់ការអភិវឌ្ឍ សម្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករគ្រប់ជំនាញ តែងតែខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិ ដើម្បីនាំអ្នកជំនាញដែលមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ថ្មីៗ ល្អៗ លើការងារវិស្វកម្ម មកចែកចំណេះដឹង និងបទពិសោធន៍ទាំងនោះ ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ គូសបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់អង្គការពលកម្មអន្ដរជាតិ (ILO) ឆ្នាំ២០២២ តួលេខអ្នកស្លាប់ប្រមាណ ៣លាននាក់ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺការងារនៅកន្លែងធ្វើការ។ តាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២១ បានបង្ហាញថា គ្រោះថ្នាក់ការងារមានចំនួនសរុប ១១,២៥៨នាក់ ដែលក្នុងនោះគ្រោះថ្នាក់នៅកន្លែងធ្វើការ មានចំនួន ៥,៧២៨នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរមានចំនួន ៥,៥៣៣នាក់ ផងដរ៕