ប្រធាន អូឡាំពិកកម្ពុជា ជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតជប៉ុនដើម្បីពង្រឹងលើវិស័យកីឡា នៅកម្ពុជា
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការ លើការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ រួមមានកីឡាយូដូ ការ៉ាតេ ទូកានូ-កាយ៉ាក់ និងកីឡាកាយសម្ព័ន្ធ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀម ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើរឱ្យ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ពិនិត្រលើសេចក្ដីស្នើសុំ ២ចំណុច ដោយទី១ ស្នើសុំគ្រូបង្វឹកជនជាតិ ជប៉ុនជំនាញផ្នែកកីឡា ការ៉ាត់តេ, យូដូ និងកីឡាកាយសម្ព័ន សម្រាប់យៈពេលវែង មកជួយបង្ហាត់ នៅកម្ពុជា និងទី២ ស្នើសុំអាហារូបករណ៍ សម្រាប់ការហាត់ហ្វឹកហ្វឺនកីឡាការ៉ាត់តេ, យូដូ និងកីឡាកាយសម្ព័ន កម្រិតខ្ពស់រយៈពេលវែងនៅជប៉ុន ដើម្បីកម្ពុជាត្រៀម ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ចាក់ថា កន្លងមកជប៉ុន បានធ្វើកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍វិស័យកីឡា ជាមួយកម្ពុជា ជាច្រើនលើក ជាពិសេសនៅក្នុងព្រឹត្តិការណ៍ធំៗដូចជា តាមរយៈ ឯកឧត្តម អតីតអគ្គរាជទូតជប៉ុននៅកម្ពុជា គឺ ឯកឧត្តម Ogawa Gotaro បានជួយរៀបចំគ្រូបង្វឹក និងបញ្ជូនកីឡាករកម្ពុជាទៅហ្វឹកហាត់នៅជប៉ុន លើប្រភេទកីឡា យូដូ និង ការ៉ាត់តេ ត្រៀមនៅពេលមុន SEA Games 2023 នៅកម្ពុជា ហើយបានធ្វើឱ្យកីឡាករ យូដូ និង ការ៉ាត់តេ ដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធិ ទៀតផង។ទន្ទឹមគ្នានេះ ក្នុងអំឡុងពេលរៀបចំ ប្រកួតកីឡា ASEAN Para Games 2023 នៅកម្ពុជា ក្រុមជំនាញការជប៉ុន បានរៀបចំ ចំណាត់ថ្នាក់ពិការភាព របស់កីឡាករ កីឡាការិនីជន មានពិការភាពចំនួន ៦០នាក់ បានមកជួយការងារ រៀបចំការប្រកួត បានយ៉ាងរលូន និងទទួលបានជោគជ័យ ៕