ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម( ARDB) អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ច ពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ The People’s Bank of China ប្រចាំ​ខេត្តក្វាងស៊ី

ណាននីង -​ ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB  និង ស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស ( CIPS) រួចមក,  រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ក្នុងកិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖ ១ ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់, ២.ទីផ្សារហិរញ្ញវត្ថុ, ៣.កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទានបៃតង, និង៤. ការប្រឆាំងការសម្អាតប្រាក់ ។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី តួនាទីនិងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាម រយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងចិន ។  លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវ នាវឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និង​អន្តរជាតិ​ផងដែរ​៕