គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន

បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង នៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបន្តដំណើរបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិនបន្តទៀត។ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិក្រុងសៀងហៃ មាន លោកជំទាវ វ៉ាង ឈុនឈិន (Wang Chunchen) ប្រធានគណៈកម្មការនគរូបនីយកម្ម និងបរិស្ថាន នៃសភាតំណាងប្រជាជនចិនក្រុងសៀងហៃ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិន ព្រមទាំងសហការី និងមន្រ្តីក្រុងសៀងហៃ ជាច្រើនទៀត។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនក្រុងសៀងហៃ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជាគ្រឹះនៃការភ្ជាប់ទំនាក់ទំនងខាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ជាដើម ៕