Zillion

ទឹកប្រាក់២០លានផោននឹងបរិច្ចាគដល់អ៊ុយក្រែនក្រោយលក់ Mudryk

ប្រធាន​ក្លឹប Shakhtar Donetsk ​លោក Rinat Akhmetov បានប្រាប់សារព័ត៌មានឱ្យដឹងថា ក្លឹប​សន្យា​បរិច្ចាគ​ទឹកប្រាក់​ចំនួន ២០លានផោនដើម្បី​ជា​ជំនួយ​ដល់​ទាហាន​អ៊ុយក្រែន និង​ក្រុមគ្រួសារ ដែល​ចូល​រួម​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​ដែល​កំពុង​អូស​បន្លាយ​ដល់​សព្វ​ថ្ងៃ​នេះ។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​នឹង​បែង​ចែក​ទឹកប្រាក់​ចំនួន ២៥លាន​ដុល្លារ ដែល​បាន​នៅ​ថ្ងៃ​នេះ [សំដៅ​លើ​ទឹកលុយ​ដែល​បាន​ពី​ការ​លក់​ខ្សែ​ប្រយុទ្ធ​ Mykhailo Mudryk ទៅ​ឱ្យ​ Chelsea] ដើម្បី​ជួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ អ្នក​ការពារ​ជាតិ​របស់​យើង និង​ក្រុម​គ្រួសារ​របស់​ពួក​គេ»។

គម្រោង​នេះ​នឹង​ចាត់ចែង​ដោយ​ក្រុម​ឯករាជ្យ​មួយ ដែល​គ្រប​ដណ្ដប់​លើ​តម្រូវ​ការ​ផ្សេងៗ​ដូច​ជា​ ការ​ព្យាបាល​ជំងឺ ការ​ទ្រទ្រង់​ផ្នែក​ផ្លូវ​ចិត្ត និង​តម្រូវ​ការ​ផ្សេងៗ​ទៀត តាម​ការ​ស្នើសុំ​របស់​ភាគី​ពាក់ព័ន្ធ។

ជាមួយ​គ្នា​នេះ​ដែរ លោក Akhmetov បាន​លើកឡើង​បន្ថែម​ថា ក្លឹប​របស់​លោក​គ្រោង​នឹង​លេង​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្លឹប Chelsea នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​តែ​ម្ដង៕