ទិដ្ឋភាពពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៤ ពិសេសការតុបតែងខ្លួន និងសំលៀកបំពាក់ប្រពៃណីរបស់យុវជន យុវនារីខ្មែរឆ្នាំនេះពិតជាសមសួន បង្ហាញពីអត្តញ្ញាណជាតិ
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះមិនខុសពីឆ្នាំមុនៗទេ ពោលគឺតែងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ជាក់ស្តែងយើងសង្កេតឃើញពីការតុបតែងខ្លួនរបស់យុវជន យុវនារីខ្មែរ ពិសេសការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរឆ្នាំនេះពិតជាសមសួន បង្ហាញពីអត្តញ្ញាណជាតិ ដោយយុវនារីបានរៀបចំស្លៀកពាក់ឈុតអាវបាក់ សំពាត់ហូលផាមួងចំរុះពណ៌ រីឯយុវជនវិញ ខោខ្មៅអាវសរ កាន់នៅចានស្រាក់ នាំយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ។
ប្រជាពុទ្ធបរិស័ទខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។ សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់៕