កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចសន្ទនានេះ បានប្រារព្ធរៀបចំពិធីបើកកម្មវិធី ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ លោកគ្រូ អ្នកគ្រូ និងនិស្សិតខ្មែរ-ចិន ជាច្រើនរូប។
ជាមួយគ្នានោះ ក្នុងនាមជាវាគ្មិន ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានលើកយកនូវប្រធានបទ “ទំនាក់ទំនងវប្បធម៌កម្ពុជា-ចិន៖ ការផ្លាស់ប្ដូរសកម្មភាពក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី”។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងកិច្ចការចូលរួមក្នុងសកម្មភាពវប្បធម៌នានាជាច្រើន។ ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន យន្តការផ្នែកវប្បធម៌ផ្តោតសំខាន់ទៅលើចំណុចចំនួន ៤គឺ៖ (១) គម្រោងជួសជុលរាជវាំងអង្គរនិងប្រាសាទព្រះវិហារក៏ដូចជាបេតិកភណ្ឌវប្បធម៌នានា (២) កិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការ នាំចេញនិងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់ (៣) ការផ្សព្វផ្សាយយន្តការរបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និង (៤) ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌវប្បធម៌ក្នុងក្របខណ្ឌអាស៊ាន-ចិន និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
តាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានសារៈសំខាន់ណាស់។ មនុស្ស គឺជាស្ពានដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យវប្បធម៌។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន អនុញ្ញាតឱ្យពួកយើងរៀនសូត្រពីគ្នាទៅវិញទៅមក និងធ្វើឱ្យចំណងសាមគ្គីភាពរវាងប្រទេស និងប្រទេសកាន់តែជិតស្និត។ ស្មារតីដ៏សំខាន់នៃទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន គឺដើម្បីលុបបំបាត់ការខ្វែងគំនិត និងការយល់ខុស និងលើកកម្ពស់ការយោគយល់ និងយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងចំណោមប្រជាជាតិនានា សំដៅរួមរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ការទំនាក់ទំនងនេះ បានបង្កើតនូវការបណ្ដុះពូជថ្នាលយុវជនរវាងប្រជាជាតិទាំងពីរ ដែលធ្វើឱ្យការផ្លាស់ប្ដូរប្រជាជន-ប្រជាជនគ្រប់ទម្រង់ ក៏ដូចជាការជំរុញគម្រោងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យស៊ីជម្រៅនៃការផ្លាស់ប្ដូរអរិយធម៌ ក្នុងគោលបំណងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងការលើកម្ពស់ជីវភាពប្រជាជនទាំងពីរ ជាពិសេសការឈានឆ្ពោះទៅការពង្រឹងពង្រីកឱ្យបានកាន់តែរឹងមាំ រវាងប្រជាជាតិទាំងពីរទៅថ្ងៃអនាគត៕