កម្មវិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )

កម្មវិធីចុះអនុស្សរណៈយោគយល់រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science )

ណាននិញ-ចិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ រវាង ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី (GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមាណិតចិន។  

ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាឱកាសនេះ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា​ ជាពិសេសប្រយោជន៍ដល់កសិករខ្មែរ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ ក្វាងស៊ី ពិនិត្យលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយនាំទៅជាមួយនូវបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ទំនើបកម្មកសិកម្មនៅកម្ពុជាផងដែរ។ 

ជាការឆ្លើយតប, តំណាងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានសំដែងនូវសេចក្តីពេញចិត្ត និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធនាគារ ARDB បានអនុវត្ត​ និងសម្រេចបាននាពេលកន្លងមក ហើយរាល់សកម្មភាព និងស្នាដៃរបស់ធនាគារ ARDB បានបង្ហាញពីការព្យាយាម និងជួយជំរុញអោយវិស័យកសិកម្មរបស់កម្ពុជាអោយមានភាពល្អប្រសើរឡើង។ ដូចនេះ ការចាប់ដៃគូ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB របស់កម្ពុជា នៅថ្ងៃនេះ ភាគីទាំងពីរនឹងធ្វើអោយសម្រេចបានតាមគោលដៅ និងផែនការ ដូចមានចែងក្នុងអនុស្សរណៈនេះ។ 

សូមបញ្ជាក់ថា ធនាគារ ARDB និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី បានចុះអនុស្សរណៈ រួមគ្នា លើកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម និងការប្រកួតប្រជែង,  និងចូលរួមលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជា មកកាន់ប្រទេសចិន និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅជនបទ។