Zillion

ជនជាតិអ៊ុយក្រែនមួយក្រុម មករៀនសូត្រការងារដោះមីននៅកម្ពុជា

កម្ពុជា៖ សារព័ត៌មានអន្តរជាតិCNA បានផ្សាយអំពីក្រុមអ្នកដោះមីនជនជាតិអ៊ុយក្រែនមួយក្រុមបានមកកម្ពុជា ដើម្បីស្វែងយល់

និងរៀនសូត្រអំពីបទពិសោធន៍នៃការងារដោះមីន ពីគ្រូបង្វឹកកម្ពុជា នៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ 

ក្រុមជនជាតិអ៊ុយក្រែនចំនួន 15 នាក់ បានស្ថិតនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយសប្តាហ៍ដើម្បីទទួលការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ឧបករណ៍ដោះមីនដូចជា ឧបករណ៍រាវរក គ្រឿងចក្រឯកទេស និងសត្វដែលត្រូវបានបណ្តុះបណ្តាលដើម្បីដកអាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។

ប្រធានក្រុមអ៊ុយក្រែន Arsenii Diadchenko បាននិយាយថា ជំនាញបច្ចេកទេសរបស់ប្រជាជនកម្ពុជា នឹងជួយទប់ស្កាត់ការស្លាប់បន្ថែមទៀតនៅក្នុងប្រទេសរបស់គាត់។

លោកបានប្រាប់អ្នកយកព័ត៌មានថា “ការបណ្តុះបណ្តាលនេះ នឹងមានប្រយោជន៍ខ្លាំងណាស់ក្នុងការបោសសម្អាតទឹកដីអ៊ុយក្រែនពីគ្រាប់មីនរុស្ស៊ី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

លោក អ៊ុំ ភូមរ៉ូ នាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា យើងបណ្តុះបណ្តាលពួកគេរយៈពេលមួយសប្តាហ៍ ហើយបន្ទាប់មកយើងបន្តបណ្តុះបណ្តាលពួកគេតាមរយៈអ៊ីនធឺណិត និងរៀបចំនីតិវិធីសម្រាប់ការដោះមីននៅប្រទេសអ៊ុយក្រែន”។

លោកបានបន្ថែមថា កម្ពុជានឹងបញ្ជូនក្រុមគ្រូបង្រៀនរហូតដល់បួននាក់ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីបណ្តុះបណ្តាលបន្ថែមលើអ្នកដោះមីនអ៊ុយក្រែននៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរយៈពេលជាង 30 ឆ្នាំ ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ 1998 ដោយបានបន្សល់គ្រាប់មីនដែលមិនទាន់ផ្ទុះជាច្រើន ជាមួយនឹងការងារបោសសំអាតមីននៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។

ប្រភព៖ CNA 

ប្រែសម្រួល ៖ ប៉ាង សំណាង