អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ដឹកនាំប្រតិភូសាលារាធានីចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិវរៈសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។
ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីអោយបានរឹងមាំ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដើម្បីប្តូរប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចំរើនដែរ។នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់។សូមឱ្យកងទ័ពយើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការបម្រើផលប្រយោជន៌ប្រជាជនខ្មែរសុទ្ធសាទ។ ឯកឧត្តម អភិបាលបានមានប្រសាសន៍ទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំងពីកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើងក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែលអំណោយទាំងនេះរួមមាន៖ ឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ ៣ ថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកាចំនួន ១២.២៥០$,ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦ ០០០ លីត្រ
មីចំនួន ៤០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន២០០ យូរ ត្រីខកំប៉ុងចំនួន១០០ កេស។
កងពលតូចអន្តរាគមន៍លេខ៩ឧបត្ថម្ភជូន ថវិកាចំនួន ៤០.០០០.០០០៛ សាងសង់វេទិកាបាញ់ស៊ីបគ្រាប់ពិត ថវិកាចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន៦០០ យូរ ត្រីខកំប៉ុងចំនួន១៦០ កេស។
វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្មប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០កេសតូចទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០០យូ ត្រីខកំប៉ុងចំនួន១៦០ កេស។
ឧបត្ថម្ភជូន វរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ សាងសង់ទំនប់បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០$។ឧបត្ថមប្រេងម៉ាស៊ូត ចំនួន១ ០០០ លីត្រ មីចំនួន២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន១០០ យូរ ត្រីខកំប៉ុងចំនួន៥០ កេស។ យោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛
ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ ១២៨ចំនួន ៤០.០០០.០០០៛ សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦$។ឧបត្ដម
ប្រេងម៉ាស៊ូតចំនួន ៧ ០០០ លីត្រ មីចំនួន ១.២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១ ០០០ យូរ- ត្រីខកំប៉ុង ចំនួនៈ ១៦០កេស។ វរៈសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛។ តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛។ បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ
ថវិកាចំនួន ១០០.០០០៛។ ឧបត្ថមអ្នក ជំងឺកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ ១យូរ មីចំនួន ១ កេសតូច ត្រីខកំប៉ុងចំនួន ១ យូរ ថវិកាចំនួន ៥០.០០០៛។ វត្ត នៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា៖ ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយកងទ័ព ធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្ររវាងស្ថាប័នស៊ីវិលជាមួយកងទ័ព អោយមាន ភាពស្អិតរមួតដូចទឹកនឹងត្រី ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អប្រសើរឡើងក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក។ លោកឧត្តមសេនីយ៍បានបន្តថា៖ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានអំណោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញចំនួន១៤លើកហើយ។លោកសូមប្តេជ្ញា ការពារសន្តិភាព ការពារ ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួគអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ប្តេជ្ញាកម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេស ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។ គាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់ សម្តេចតេជោ និង សម្តេចធិបតី ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយដើម្បី ដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ (CLV-DTA) បោកប្រាស់ប្រជាជនកម្ពុជាតទៅ ទៀត ដោយកម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ហើយបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្រប ខណ្ឌទ្វេភាគីរវាងប្រទេសនិងប្រទេស៕