មន្ទីរពេទ្យ ហ្លួង ម៉ែ បើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមជាមួយក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ អមដោយ លោកសាស្រ្តាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បានអញ្ជើញចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូងរបស់មន្ទីរពេទ្យ និងសួរសុខទុក្ខសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យ ហ្លួង ម៉ែ។
មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ មានកម្ពស់ ៥ជាន់ លើផ្ទៃដី១.៤២០ ហិកតា ដែលបានប្រែក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក តាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការគាំទ្រអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ មន្ទីរពេទ្យនេះ បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងបើកដំណើរការពេញលេញជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធភាពផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។
ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។ ទន្ទឹងនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យ ដូចខាងក្រោម៖
-កំណត់ទិសដៅឱ្យបានច្បាស់លាស់ ជាដំណាក់កាល ដោយត្រូវជួបប្រជុំគ្នាជាប្រចាំដើម្បីតាមដានវឌ្ឍនភាព
-ពិនិត្យលម្អិតពីមូលហេតុនៃការធ្វើឱ្យរាំងស្ទះមានការយឺតយ៉ាវនៃការបើកដំណើរការមន្ទីរពេទ្យ ជាមួយភាគីពាក់ព័ន្ធនានា រាប់ទាំងសំណង់ ធនធានមនុស្ស និងថវិកាជាដើម
-ពិនិត្យមើលលើការគ្រប់គ្រងកម្រិតថ្នាក់ដឹកនាំជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ
-បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ផ្នែកជាប្រចាំ
-ធ្វើការទំនាក់ទំនងជាប្រចាំជាមួយមន្ទីរពេទ្យថ្នាក់ជាតិ និងអង្គភាពសុខាភិបាលដ៏ទៃទៀត ដើម្បីសហការគ្នាបណ្តុះបណ្តាល និងបញ្ជូនអ្នកជំងឺជាដើម
-រៀបចំគម្រោងធនធានមនុស្ស ឱ្យស្របតាមតម្រូវការនៃការបើកដំណើរការមន្ទីរពេទ្យជំហានបន្តបន្ទាប់
-ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីបញ្ហាប្រឈម និងដំណោះស្រាយជាប្រចាំ ដើម្បីការអភិវឌ្ឍនៃអង្គភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាព គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ និងសូមជូនពរមន្រ្តីសុខាភិបាលទាំងអស់ សូមមានសុខភាពល្អ ៕