ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជំរុញដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងត្រូវបន្តរៀបចំការអភិវឌ្ឍន៍ក្រុងព្រះសីហនុ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានចុះពិនិត្យមើលការអភិវឌ្ឍរបស់ក្រុងព្រះសីហនុរួមមានហេដ្ឋាអារចនាសម្ព័ន្ធ ប្រព័ន្ធទឹកកខ្វក់ដែលមិនទាន់បានរៀបរយ ការដាំនិងថែទាំដើមឈើនៅតាមដងផ្លូវសាធារណ ការរៀបចំអំពូលភ្លើងនៅតាមដងផ្លូវសួនច្បារ ការរៀបចំធ្នាប់ បញ្ហាអនាម័យបរិស្ថាននិងសំរាមនៅតាមតំបន់ឆ្នេរក៏ដូចជាក្នុងទីប្រជុំជនក្រុង ដូចនេះ មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងត្រូវបន្តរៀបចំឲ្យបានល្អស្អាតឡើងវិញបន្ថែមទៀត។ឯកឧត្តម អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងចុះពិនិត្យមើលជាក់ស្ដែងនៅរសៀលនិងយប់ថ្ងៃទី ១៤ខែកញ្ញាឆ្នាំ ២០២៤ ដោយធ្វើដំណើរតាមរថយន្តក្រុង។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាសូមឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធពិសេសអាជ្ញាធរក្រុងត្រូវបន្តរៀបចំសណ្ដាប់ ធ្នាប់អនាម័យបរិស្ថាននិងសំរាម នៅតាមដងផ្លូវសាធារណៈនិងតាមតំបន់ឆ្នេរ ឱ្យបានស្អាត ដើម្បីឆ្លើយតបទៅនឹងទីក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍ដែលមានសោភ័ណភាពបរិស្ថានល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកទស្សនាលំហែកំសាន្តឲ្យកាន់តែច្រើន៕