ទឹកស្អាតជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានគ្រីស្ទបរិស័ទក្នុងសន្តិភាព មានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជាតំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគល់នៅអណ្ដូងទឹកស្អាតចំនួន ៦អណ្ដូង ដល់ភូមិចំនួន៦ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជូនប្រជាពលរដ្ឋ នៅទីជនបទ ដែលមានតម្រូវការ ក្នុងការប្រើប្រាស់ទឹកនៅរដូវប្រាំង និងបម្រើដល់ផលប្រយោជន៍នានា ក្នុងសហគមន៍ ។ក្នុងឱកាសនោះ ឯកឧត្តម បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តម ចាយ បូរិន អំពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅក្នុងមូលដ្ឋានចេះចែករំលែកជួយតាមលទ្ធភាពដែលមានដោយរក្សានូវការរួមសាមគ្គីភាព មិនប្រកាន់ពូជសាសន៍ ឬសាសនាឡើយ មួយវិញទៀតយើងទាំងអស់គ្នាត្រូវរួមគ្នារក្សានូវសុខសន្តិភាពដើម្បីធានានៃការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទ ឯកឧត្តមបាន ថ្លែងថា «ព្រះយេស៊ូវគ្រីស្ទបង្រៀន និងអប់រំ ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក!»។ ដូច្នេះក្នុងនាមយើងជាគ្រិស្តបរិស័ទត្រូវចេះចូលរួម ជួយក្នុងសង្គម និងស្រឡាញ់គ្នាទៅវិញទៅមក «ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព» ។បន្ថែមពីនេះឯកឧត្តម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍ គម្រោងព្រែកជីកហ្វូណនតេជោ នឹងគម្រោងនៃការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ CLV -DTA ដែលជាផ្នែកមួយដ៏សំខាន់ នៃការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន នៅក្នុងតំបន់អាស៊ាន ។ពិសេសព្រមទាំងបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្តចំនួន៤ខេត្តគឺ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី ដែលរាជរដ្ឋាភិបាលបានរៀបចំជាមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៤ ។បន្ថែមពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។ឯកឧត្តមបានប្រកាសឲ្យគ្រិស្តបរិស័ទ គ្រប់រូប គ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋបានចូលរួមគាំទ្រនៃការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង។ អណ្ដូងស្នប់ទាំងនោះមានទីតាំងដូចខាងក្រោម៖១. ភូមិចំការជ្រៃខាងត្បូង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់២. ភូមិអូរកង់ឡាន ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់៣. ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់៤. ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៥. ភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៦. ភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។បញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជា គន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួត។ សូមជម្រាបថាការផ្ដល់អណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត ៕