
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា ទាមទារប្រាក់រហូតដល់ទៅ 100 លានអឺរ៉ូ លើការលក់ខ្សែប្រយុទ្ធ Raphinha ទៅឲ្យក្លឹបកាំភ្លើងធំ Arsenal។
ក្រុមដែលកំពុងឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បានងាកមកចាប់អារម្មណ៍លើ Raphinha ជាថ្មីម្ដងទៀតបន្ទាប់ពីពួកគេបានខកខានក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអ៊ុយក្រែន Mykhaylo Mudryk ខណៈដែលកីឡាកររូបនេះបានសម្រេចផ្ទេរទៅក្លឹបតោខៀវ Chelsea។
Raphinha ជាអតីតកីឡាកររបស់ក្លឹប Rennes បានស៊ុតបញ្ចូលទី 11 គ្រាប់ និងជួយឲ្យ Leeds United បន្តនៅក្នុងការប្រកួតប្រជែងក្របខណ្ឌ Premier League កាលពីរដូវកាលមុន តែយ៉ាងណា Raphinha បានសម្រេចចិត្តផ្ទេរទៅទឹកដីអេស្ប៉ាញដោយចូលរួមជាមួយ Barcelona។
សូមជម្រាបផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នៅមានកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2027 ហើយក្លឹបនឹងមិនបង្ខំចិត្តលក់គាត់ក្នុងតម្លៃថោកនោះឡើយ។ ដោយយោងតាមរបាយការណ៍ពី Sports mole បានអះអាងថា ប្រសិនបើ Arsenal ចង់បាន Raphinha នោះពួកគេនឹងត្រូវចំណាយប្រាក់មិនក្រោម 100 លានអឺរ៉ូឡើយ ដែលតម្លៃនេះស្មើនឹងតម្លៃផ្ទេរ Mykhaylo Mudryk ដែរ៕