ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ប្រារព្ធខួបជម្លៀសខ្លួនគម្រប់៧ឆ្នាំនៅលើទឹកដីបង់ក្លាដែស្ស និងស្នើត្រលប់ទៅមាតុប្រទេសវិញ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ មកពីមីយ៉ាន់ម៉ា ដែលរស់នៅក្នុងជំរុំដ៏ធំសម្បើម ក្នុងប្រទេសបង់ក្លាដែស បានប្រារព្ធខួបលើកទី៧ឆ្នាំនៃការជម្លៀសខ្លួនទ្រង់ទ្រាយធំរបស់ពួកគេ កាលពីថ្ងៃអាទិត្យនេះ និងបានទាមទារឱ្យមានកិច្ចសម្របសម្រួល ពួកគេវិលត្រឡប់ទៅកាន់រដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ាន់ម៉ា របស់ពួកគេវិញដោយសុវត្ថិភាពផង។ 

ជនភៀសខ្លួនទាំងអស់ បានប្រមូលផ្តុំគ្នានៅលើដីវាលគ្របដំបូងមេឃមួយ នៅឯជំរុំ Kutupalong ក្នុងស្រុក Cox’s Bazar ដោយខ្លះបានកាន់បដា និងផ្ទាំងរូបភាពដែលសរសេរថា “Hope is Home” និង “We Rohingya is the citizen of Myanmar” ក្រោមតំណក់នឹងភ្លៀងហាក់ដូចជាបានសម្គាល់ នូវថ្ងៃដែលពួកគេចាត់ទុកថា “ទិវាប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧មក។ជនភៀសខ្លួនរាប់សែននាក់បាន ចាប់ផ្តើមឆ្លងកាត់តំបន់ព្រំដែនប្រទេសបង់ក្លាដែស ដោយថ្មើរជើង និងតាមទូកចំពេលមានករណីសម្លាប់ដោយមិនរើសអើង និងមានអំពើហឹង្សាផ្សេងទៀតនៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ាដែរ។ មីយ៉ាន់ម៉ាបានបើកសមរភូមិបង្ក្រាបយ៉ាងឃោរឃៅ បន្ទាប់ពីការវាយប្រហារ ដោយក្រុមបះបោរទៅលើប៉ុស្តិ៍យាមក្នុងខេត្តនោះដែរ។ ទំហំនៃការរៀបចំនិង សកម្មភាពសាហាវយ៉ងខ្នង ក្នុងប្រតិបត្តិការនេះបាននាំឱ្យមានការចោទប្រកាន់ពីសហគមន៍អន្តរជាតិ។ ក្នុងនោះ ក៏មានសហគមន៍ជាច្រើន រាប់ទាំងអង្គការសហប្រជាជាតិ ដែលបានជួយសម្របសម្រួលជនជាតិភាគតិច និងបញ្ហា របបប្រល័យពូជសាសន៍ដែរ។ បន្ទាប់ពីហេតុការណ៍នោះមក អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានបញ្ជាឱ្យឆ្មាំព្រំដែនប្រទេសលោកស្រី បើកព្រំដែនដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៧០ម៉ឺននាក់ បានចូលជ្រកកោន នៅក្នុងប្រទេសបង់ក្លាដែស្សដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ